ភ្នំពេញ ៖
យុវជនពីរនាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានដឹកតាមកង់បី យកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីពួកគេ ជិះម៉ូតូឌុបគ្នាឆ្លងស្តុបផ្លូវបំបែកជាបួនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត highlander បើកឆ្លងស្តុបដូចគ្នាចំពីក្រោយចំហៀងខាងស្ដាំយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ត highlander រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនពីរកងបន្ថែម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ២១៥ សង្កាត់មិត្តភាពខណ្ឌ៧ មករា រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញរថយន្តរត់តាក់ស៊ីម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2P-7932 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅ ពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួន។
ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានយុវជនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខតាកែវ1Y-73 92 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ទិសដៅពីត្បូងទៅជើងឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តចំពីក្រោយ ចំហៀងខាងស្តាំ យ៉ាងពេញទំហឹង
បណ្តាលឲ្យរថយន្តវេចង្កូតបន្តទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវបាក់ចំនួន២កង់ រងការខូចខាតយ៉ាងដំណំ ចំណែកឯយុវជន២នាក់ភាគីខាងម៉ូតូ រងរបួសធ្ងន់ស្រាលដឹកតាមកង់បីយកទៅសង្រ្គោះភ្លាមៗផងដែរ។ បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ 7 មករា ចុះមកដល់ រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចរក្រុងបន្តឲ្យវាស់វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
