បាត់ដំបង៖
បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូទៅបុកគូថរថយន្តដឹកដីនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខៀវ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LI.0739 អ្នកបើកបរ ឈ្មោះ សួន ដាវ័ន្ត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ៣ ឃុំស្មាច់មានជ័យ ស្រុក ស្មាច់មានជ័យ ខេត្តកោះកុង ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ប្រភេទបែនធន់ធ្ងន់ សេរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខពោធិ៍សាត់ 3A.1909 អ្នកបើកបរ ឈ្មោះ ចេង សំអាត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកត្នោត ឃុំលលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
