ដូចដែលមហាជនអ្នកគាំទ្របានជ្រាបស្រាប់ហើយថា ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា បាននិងកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខនារីមកពីជុំវិញពិភពលោកជាង ១២០ ប្រទេស នៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំគឺ Miss Universe ខណៈពេលដែលការប្រកួតលើកទី ៧៤ នេះ ធ្វើឡើងនៅឯប្រទេសថៃ។

យ៉ាងណាមិញ ការប្រកួតបានឈានមកដល់ពាក់កណ្តាលទីហើយ រីឯបេក្ខនារីតំណាងប្រទេសកម្ពុជាឯណេះវិញ ក៏កំពុងសាងភាពភ្ញាក់ផ្អើល និងចំណាប់អារម្មណ៍ទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅស្រុកយ៉ាងច្រើនលើសលប់ផងដែរ។ ដ្បិតថាយ៉ាងនេះក្តី កាលពីពេលកន្លងទៅ នៅអំឡុងពេលដែល Miss Universe បានធ្វើពិធីបើកបង្ហាញម្ចាស់ផ្ទះជាផ្លូវការនៃការរៀបចំការប្រកួត ក៏តម្រូវឱ្យបេក្ខនារីតំណាងប្រទេសនីមួយៗ ឡើងណែនាំខ្លួន និងឈ្មោះប្រទេសផងដែរ ខណៈពេលដែល ហ្វីយ៉ាតា បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយពេលដែលនាង បានប្រកាសឈ្មោះរបស់ខ្លួន ប៉ុន្តែមិនបានភ្ជាប់ជាមួយនាមត្រកូលរបស់នាងឡើយ។ ជុំវិញរឿងនេះ ហ្វីយ៉ាតា បានបង្ហោះសំណេរនៅលើបណ្តាញសង្គម ដោយធ្វើការសុំទោសអ្នកគុណរបស់ខ្លួន ដែលមិនបានស្រែកឈ្មោះត្រកូលនៅលើឆាកអន្តរជាតិ។ ហ្វីយ៉ាតា សង្ឃឹមថា អ្នកមានគុណរបស់នាង នឹងយល់ពីស្ថានភាពនៅពេលនេះ ហើយជឿជាក់ថា ពួកគាត់នឹងមានមោទនភាព ព្រោះគ្រប់យ៉ាង នាងធ្វើដើម្បីប្រទេសកម្ពុជា និងអ្នកគាំទ្ររបស់នាង។

ក្រោយពេលបង្ហោះសំណេររៀបរាប់ពីអារម្មណ៍បែបនេះភ្លាម ហ្វីយ៉ាតា ទទួលបានការលើកទឹកចិត្ត និងសរសើរពីភាពក្លាហានរបស់នាង ក្នុងការតំណាងឱ្យប្រទេសកម្ពុជានៅលើប្រទេសថៃ ស្របពេលដែល ប្រទេសកម្ពុជា និងប្រទេសថៃ ទើបតែទទួលបានកិច្ចព្រមព្រៀងសន្តិភាពកាលពីពេលថ្មីៗនេះ ជុំវិញបញ្ហាព្រំដែនកាលពីអំឡុងខែកក្កដាកន្លងទៅ។

គួរឱ្យដឹងបន្ថែមថា ការប្រកួត Miss Universe លើកទី ៧៤ នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។ ដូចនេះ កុំភ្លេចចូលរួមផ្តល់ជាកម្លាំងចិត្តពីចម្ងាយ ទៅកាន់ ហ្វីយ៉ាតា ដែលជាបេក្ខនារីតំណាងប្រទេសកម្ពុជា ឱ្យបានច្រើនកុះករទាំងអស់គ្នា៕