ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែល នឹងដំណើរការប្រកួតផ្លូវការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់១៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ហាក់មានការខុសប្លែកពីឆ្នាំកន្លងទៅ ពោលគឺយើងរៀបចំ មានវិញ្ញាសាប្រកួតជ្រើសរើសចម្រាញ់ឈុតធំ និងមានវិញ្ញាសាចម្រាញ់សម្រាប់កីឡាករកីឡាការិនីឈុតថ្នាល ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៣១ ។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិជាតិឆ្នាំ២០២៥នេះ មានក្លឹបចូលរួមចំនួន១៨ និងប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមសរុបចំនួន២៤៩នាក់ ក្នុងនោះកីឡាករកីឡាការិនីមានចំនួន២០៨នាក់។តាមការឱ្យដឹងបន្ថែម ឆ្នាំនេះ មានការកើនឡើងទាំងចំនួនក្លឹបនិងចំនួនកីឡាករកីឡាការិនី ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញថា វិស័យកីឡាវាយសីមានការផុសផុលខ្លាំង និងកំពុងតែអភិវឌ្ឍន៍ឈានទៅរកសក្កានុពល ។ 

សូមបញ្ជាក់ថា  កីឡាករកីឡាការិនីដែលជាប់ជាម្ចាស់ជ័យលាភីទាំងឈុតធំនិងឈុតថ្នាលនឹងត្រូវបានសហព័ន្ធកីឡាវាយសីកម្ពុជាចម្រាញ់ជ្រើសដើម្បីបញ្ចូលទៅក្នុងក្រុមជម្រើសជាតិថ្នាល តាមផែនការរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជននិងកីឡា ៕