ប្រទេសចិនបានប្រកាសព្រមានកាលពីថ្ងៃពុធ ទី26 ខែវិច្ឆិកាថា ខ្លួននឹង «កម្ទេច» ការប៉ុនប៉ងជ្រៀតជ្រែកពីបរទេសណាមួយ ជុំវិញបញ្ហាកោះតៃវ៉ាន់ ពោល គឺបន្ទាប់ពីប្រទេសជប៉ុនបានប្រកាសពីផែនការដាក់ពង្រាយគ្រាប់មីស៊ីលនៅលើកោះមួយ ក្បែរកោះតៃវ៉ាន់។ លោក ផេង គីជេន អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា «យើងមានឆន្ទៈរឹងមាំ និងមុតមាំ និងសមត្ថភាពដ៏ខ្លាំង ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង» ហើយ «យើងនឹងបង្ក្រាបការជ្រៀតជ្រែកណាមួយពីបរទេស»។ គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន សាណេ តាកៃឆី បានលើកឡើងថា ជប៉ុននឹងធ្វើការឆ្លើយតបដោយកម្លាំង ប្រសិនបើចិន ធ្វើការវាយប្រហារលើកោះតៃវ៉ាន់នោះ។