ក្នុងពិធីសម្ពោធជាផ្លូវការសាលាកីឡាគុណធម៌ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាសាលាកីឡាឯកជនដ៏ធំទី១មួយនៅកម្ពុជាហើយក៏ជាគំរូដល់អ្នកវិនិយោគងាកមកវិនិយោគលើការបង្កើតសាលាកីឡាឱ្យបានច្រើន។

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់បែបនេះ " វត្តមានសាលាកីឡាគុណធម៌ គឺជាគំរូមួយដ៏ល្អសម្រាប់អ្នកវិនិយោគទាំងអស់ ឬអ្នកចូលចិត្តស្រលាញ់អាជីវកម្មសាលាកីឡាបែបនេះឱ្យយកគំរូតាម ឬរៀបចំបង្កើតសាលាកីឡាឱ្យបានច្រើន ព្រោះសាលាកីឡាក៏អាចអប់រំកុមារ និង យុវជន។ ធាតុផ្សំនៃការអប់រំ គឺមានការអប់រំផ្នែកចំណេះដឹង ចំណេះធ្វើ និង ចរិយាធម៌។ ប៉ុន្តែការអប់រំខាងផ្នែកកាយសម្បទា គឺជាការអប់រំដ៏សំខាន់មួយដែលអាចឱ្យមនុស្សគ្រប់រូបមានសុខភាពផ្លូវចិត្ត និង ផ្លូវកាយបានល្អ មានបញ្ញាវាងវៃក្នុងការសិក្សា។ ប្រសិនបើយើងមានជំងឺ ប្រាកដជាពិបាកក្នុងការសិក្សា។

ដូច្នេះនេះជាចំណុចដែលក្រសួងអប់រំ យុវជន និងកីឡា បានកែទម្រង់នូវសកម្មភាពអប់រំកាយ និងកីឡា នៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស ហើយកំពុងតែធ្វើការយ៉ាងសកម្មផ្លាស់ប្ដូរសកម្មភាពអប់រំកាយ និងកីឡា នៅសាលាទាំងអស់នៅកម្ពុជា។ ដើម្បីលើកស្ទួយមូលដ្ឋានគ្រឹះអប់រំកាយ និងកីឡា ដល់ប្អូនៗឱ្យបានសប្បាយរីករាយផង បាត់ស្ត្រេស មានសុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា គឺមានតែសាលាកីឡាដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។"

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ការសិក្សាចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់ដែរ អ្វីសំខាន់ថែមទៀតនោះ គឺវិន័យ ព្រោះវិន័យក៏កើតចេញពីសកម្មភាពកីឡា ដែលទាមទារឱ្យអ្នកកីឡាត្រូវមានវិន័យ។ ឯកឧត្ដម បានលើកទឹកចិត្តកុមារទាំងអស់ខិតខំប្រឹងប្រែង ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ។