ភ្នំពេញ៖ 

ផ្ទះជួលមួយកន្លែង ត្រូវបានក្រុមចោរធ្វើសកម្មភាពចូលលួចយកម៉ូតូថ្មីៗអស់ចំនួន ៣គ្រឿង ដោយបណ្តើរម៉ូតូចាស់ៗទុកខាងក្រៅនិងបន្សល់ទុកម៉ូតូម៉ាកស្តុបពី១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ដែលជិះធ្វើសកម្មភាពនិងដែកសម្រាប់កាច់កម៉ូតូ។ 

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ ២០២៥នៅចំណុចផ្ទះជួលភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ម៉ូតូដែលក្រុមចោរលួចយកទៅបាត់៖ ១.ម៉ាក ហុងដាឃ្លិច ពណ៌ស ស្លាកលេខភ្នំពេញ ១១JM1687មានម្ចាស់ឈ្មោះផូ ធុយ ភេទស្រី, ២.ម៉ូតូម៉ាកហុងដាសេ១២៥ពាកផ្លាកលេខកំពងចាម១B.៧៨២៩ ដែលមានម្ចាស់ឈ្មោះឆោម ប៊ុនថាន ភេទប្រុសមានលំនៅភូមិព្រែកតាកែឃុំល្វេស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយ ម្ចាស់ម៉ូតូខាងលើជាប្តីប្រពន្ធគ្នា។ ៣.ម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ១IO.៦៣៣០ ម្ចាស់ឈ្មោះខន សុផារ៉ាភេទប្រុសអាយុ២២ឆ្នាំមានលំនៅភូមិពុល សង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ ។

តាមព័ត៌មាន ឲ្យដឹងថានៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹក នៅពេលដែលភ្ញាក់ពីដេក ម្ចាស់ម៉ូតូដែលជួលផ្ទះស្នាក់នៅជាន់ទី១ ក៏បានចុះមកក្រោមដើម្បីយកម៉ូតូជិះ ទៅធ្វើការស្រាប់តែឃើញទ្វារចំហរបាត់ម៉ូតូអស់ពីក្នុងបន្ទប់ដាក់ម៉ូតូ។ 

តាមព័ត៌មានឱ្យដឹងទៀតថានៅក្នុងបន្ទប់ ទុកម៉ូតូមានចំនួន៥គ្រឿង ហើយ ក្រុមចោរបានលួចយកតែម៉ូតូថ្មីៗ អស់ម៉ូតូចំនួន៣គ្រឿង ដោយម៉ូតូចាស់ៗម៉ាក វីវ៉ាមួយគ្រឿង និងម៉ូតូកូនទា មួយគ្រឿង ត្រូវចោរបណ្ដើរចេញយកទៅទុកនៅខាងក្រៅផ្ទះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ក៏ប្រទះឃើញម៉ូតូម៉ាក copy មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ ដែលជិះធ្វើសកម្មភាពនិងដែកសម្រាប់កាច់កម៉ូតូនៅក្បែរនោះដែលក្រុមចោលប្លង់ចោរហើយលួចយកម៉ូតូថ្មីៗរបស់ជនរងគ្រោះទៅបាត់។

នៅព្រឹកនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅស្រាវជ្រាវកន្លែងកើតហេតុនិងបានឆែកឆេរនៅកាមេរ៉ាសុវត្ថិភាព៕