ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាដែលដណ្តើមបានមេដាយសរុប២៣គ្រឿងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៨ ឆ្នាំ២០២៥ (8TH WORLD VOVINAM CHAMPIONSHIPS 2025 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នាយប់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ទទួលស្វាគមន៏ដោយ ឯកឧត្តម កែ ប៉ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរមកដល់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរបេសកម្មប្រជែងដាយជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួតវ៉ូវីណាមជើងឯកពិភពលោកលើកទី៨ ឆ្នាំ២០២៥នេះ កម្ពុជាបញ្ចូនកីឡាករ កីឡាការិនី ចូលរួមសរុប ២០រូប ក្នុងនោះ កីឡាករ កីឡាការិនី នៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃមានចំនួន ១០រូប ។ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុបចំនួន២៣គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង។ ក្នុងចំណោមមេដាយសរុបខាងលើ មេដាយដែលអត្តពលិកវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្ដើមបាន ១២គ្រឿង មេដាយមាស ៥គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ។

ឯកឧត្តម អ៊ូ រតនា បានរំលេចថា មេដាយសរុប២៣គ្រឿងដែលអត្តពលិកកម្ពុជាដណ្តើមបានជូនជាតិពីការប្រកួតពិភពលោកនេះ គឺបានបំបែកកំណត់ត្រាចាស់កើនទាំងមេដាយមាស ប្រាក់និងមេដាយសំរឹទ្ធ។ ខណៈកីឡាករវ័យក្មេងទទួលបានលទ្ធផល្អរហូតឈានទៅដណ្តើមបានមេដាយមាសជូនជាតិផងដែរ។សមិទ្ធជោគជ័យដែលសម្រេចបានទាំងអស់នេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនី និងការជួយជ្រោមជ្រែងរបស់គណៈកម្មាធិការប្រតិបត្តិនិង ទីប្រឹក្សាសហព័ន្ធកីឡាវ៉ូវីណាមទាំងអស់គ្នា។

ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកសមិទ្ធផលមេដាយដែលដណ្តើមបានពីជើងឯកពិភពលោកនេះ គឺជាជោគជ័យនាំមកនូវមោទនភាពជូនជាតិ ។ ប៉ុន្តែជោគជ័យនេះ ធ្វើឱ្យយើងកាន់តែពង្រឹងត្រៀមខ្លួនកាន់តែល្អជាងនេះទៀត ដោយសារតែយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះវ៉ូវីណាមជើងឯកអាស៊ីឆ្នាំ២០២៦ ។

សូមបញ្ជាក់ថា វ៉ូវីណាមកម្ពុជាមិនត្រឹមទទួលបានមេដាយ ២៣គ្រឿងមកជូនជាតិប៉ុណ្ណោះទេ ពោល ថ្នាក់ដឹកជាន់ខ្ពស់របស់សហព័ន្ធ ឯកឧត្តម អ៊ូ រតនា ក៏ត្រូវបានគាំទ្រឱ្យធ្វើជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ផងដែរ៕