«បេននី ចាន់» (Benny Chan) ចាត់ទុកថាជាតារាសម្តែងហុងកុងឈានមុខគេ នៅអំឡុងទសវត្សរ៍ទី ៩០។ មិនតែប៉ុណ្ណោះលោកថែមទាំងទទួលបានរហ័សនាមថាជាព្រះរាជបុត្រនៃខ្សែភាពយន្តភាគបុរាណផងដែរនាពេលនោះ ក៏ដោយសារតែបុគ្គលិកលក្ខណៈ រូបរាងដ៏ស្រស់សង្ហា បូកផ្សំនឹងសមត្ថភាពនៃការសម្តែងដ៏ប៉ិនប្រសប់។

ប្រជាប្រិយភាពរបស់ «បេននី ចាន់» (Benny Chan) បានហក់ឡើងខ្ពស់មិនគួរឱ្យជឿ បន្ទាប់ពីបានបង្ហាញខ្លួនជាតួអង្គ ស៊ុន អ៊ូខុង នៅក្នុងរឿង ថាំងចេងទៅចម្លងធម៌ ឆ្នាំ ១៩៩៨ និងរឿងភាគបុរាណជាច្រើនទៀត។

នៅអំឡុងឆ្នាំ ២០១១ «បេននី ចាន់» (Benny Chan) និងតារាសម្តែងប្រុសរួមជំនាន់ «ម៉ា ទឺជុង» (Ma Dezong) បានបែកធ្លាយរូបភាព ប្រព្រឹត្តិទង្វើមិនសមរម្យទៅលើតារាសម្តែងស្រី «រ៉ូស ចិន ហួស៊ុន» (Rose Chen Huaxun) នៅពេលស្រវឹង។ យ៉ាងណាមិញ បើទោះបីជា «បេននី ចាន់» (Benny Chan) និងប្រពន្ធរបស់លោក ធ្វើសន្និសីទសារព័ត៌មាន សុំទោសជាសាធារណៈ និងបដិសេធថារឿងនោះថាគ្រាន់តែជាការយល់ច្រលំក្តី ក៏លោកនៅតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកគាំទ្រ ថាជាព្រាននារី បានក្បត់ប្រពន្ធរបស់ខ្លួនកំពុងមានផ្ទៃពោះបាត់ទៅហើយ។ រហូតមកដល់ឆ្នាំ ២០១៤ «បេននី ចាន់» (Benny Chan) ស្រាប់តែលេចលឺរឿងអាស្រូវម្តងទៀត ដោយត្រូវបានគេចាប់បានថា លួចមានទំនាក់ទំនងជាមួយតារាសម្តែងវ័យក្មេងម្នាក់ ខណៈពេលដែលប្រពន្ធរបស់លោកកំពុងពរពោះកូនទីបី។ ក្រៅពីរឿងអាស្រូវទាំងនេះ ក៏មានរឿងអាស្រូវផ្សេងៗជាច្រើនទៀតផងដែរ ប៉ុន្តែអ្វីដែលគេកត់សំគាល់នោះគឺ លោកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្ស បន្តឹងស្បែកមុខឱ្យក្មេងជាងវ័យ ដែលអ្នកគាំទ្ររបស់លោកមើលឃើញថា វាមិនធម្មជាតិ ថែមទាំងធ្វើឱ្យតារាប្រុសរូបនេះបានបាត់បង់មន្តស្នេហ៍ថែមទៀតផង។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន «បេននី ចាន់» (Benny Chan) មានអាយុ ៥៦ ឆ្នាំ នៅតែបន្តអាជីពនៅក្នុងវិស័យនេះ ដោយទទួលបានប្រាក់ឈ្នួលពីកម្រិតទាបទៅមធ្យម។ ជាមួយគ្នានេះ លោកត្រូវបានមហាជនដាក់រហ័សនាមឱ្យថា «ស្តេចភាពយន្តសំរាម» ក៏ដោយសារតែរឿងអាស្រូវ បានធ្វើឱ្យកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់លោកបានសាបរលាប ដោយបន្សល់ទុកតែការចងចាំដ៏ឈឺចាប់សម្រាប់អ្នកគាំទ្រ ដែលធ្លាប់ចាត់ទុកថាជាតារាសម្តែងឆ្នើមម្នាក់ នៅយុគមាសនៃរឿងភាគហុងកុងតែប៉ុណ្ណោះ៕