តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICT ដែលជាតុលាការឧក្រិដ្ឋកម្មសង្គ្រាមក្នុងស្រុករបស់ប្រទេសបង់ក្លាដែស ត្រូវបានរំពឹងថា នឹងចេញសេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី13 ខែវិច្ឆិកាខាងមុខនេះ លើករណីចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជុំវិញការបង្ក្រាបដោយហិង្សាលើការតវ៉ារបស់ក្រុមនិស្សិតកាលពីពាក់កណ្តាលឆ្នាំ 2024 របស់អតីតលោកស្រីនាយករដ្ឋមន្ត្រី សៀក ហាស៊ីណា។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សប្រមាណ 1400 នាក់ អាចត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ អំឡុងពេលនៃការតវ៉ាក្នុងចន្លោះថ្ងៃទី15 ខែកក្កដា ដល់ថ្ងៃទី5 ខែសីហា ឆ្នាំ 2024 ដែលនេះ ជាអំពើហិង្សាដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីសង្គ្រាមឯករាជ្យឆ្នាំ 1971។ ព្រះរាជអាជ្ញា ក៏បានចោទប្រកាន់លោកស្រី ថាជាអ្នកនៅពីក្រោយការបាត់ខ្លួន និងការធ្វើទារុណកម្ម លើក្រុមសកម្មជនប្រឆាំង នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងសម្ងាត់ ដែលដំណើរការដោយភ្នាក់ងារសន្តិសុខផងដែរ។ តែយ៉ាងណាមិញ លោកស្រី ហាស៊ីណាស បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ។