សហព័ន្ធកីឡារាំកម្ពុជាបានធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី ៤ ឆ្នាំ២០២១-២០២៥ និងជ្រើសរើសសមាជិកប្រតិបត្តិ អាណត្តថ្មី ពីឆ្នាំ២០២៥-២០២៩ ដោយមានការអញ្ជើញចូលរួមកិត្តិយសក្នុងពិធីមហាសន្និបាតរបស់សហព័ន្ធពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារំាកម្ពុជា និងលោក ទុយ ប៉ុនហឿន អនុប្រធានកាតំណាងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទំាងអ្នកតំណាងក្លិប និងសមាគមកីឡារាំ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) 

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារំាកម្ពុជាអាណត្តិ ចាស់បានទទួលការគាំទ្រ ជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត ដែលអមដោយអនុប្រធានចំនួន៤ រូប គឺលោក វ៉ាត់ ចំរើន លោកស្រី ម៉ក់ វណ្ណស៊ីថា លោកឧកញ៉ា ប៉ិច បូឡែន លោកស្រី ប៉ុក ណណ្តា ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោក ស៊ូវ តុង លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង លោកស្រី ហង់ ស៊ីណា ជាអគ្គហិរញ្ញឹក។

ជាមួយនឹងការគាំទ្រ ជាប្រធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិថ្មី លោកជំទាវ ញ៉ែម មរកត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍធនធានកីឡាករ កីឡាការិនីរហូតដល់ចូលរួមប្រកួតប្រជែង មេដាយបានជាបន្តបន្ទាប់លើឆាកអន្តរជាតិ ។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទាំងអស់គ្នា បានប្រឹងប្រែងអភិវឌ្ឍវិស័យ កីឡារាំ ឲ្យទទួលបានការគាំទ្រ នាពេលនេះ  យើងមិនមានធនធានច្រើនទេ ហើយក៏មិន មានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្ត ធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយ ធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរ ការអភិវឌ្ឍបន្ថែមទៀត។

ជាមួយគ្នានោះ លោកជំទាវ ក៏សម្តែងនូវអំណរគុណ ដ៏ជ្រាលជ្រៅជូន ចំពោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជាថ្នាក់ដឹកនាំដែលផ្តល់ការគាំទ្រជានិច្ច ចំពោះសហព័ន្ធរាំកម្ពុជាបន្តដំណើរការឆ្ពោះ ទៅចូលរួមប្រកួតប្រជែង លើឆាកអន្តរជាតិ។

លោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា ក្រោមការគាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាមពិកកម្ពុជា សហព័ន្ធកំពុងខិតខំ បំពេញតួនាទីភារកិច្ច របស់ខ្លួន យ៉ាងសកម្ម ដើម្បីគោលដៅពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡា រាំកម្ពុជា ឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណភាពបច្ចេកទេស ឈានឆ្ពោះទៅរកមេដាយមាសជូនជាតិ។

ចាប់តាំងពីការបង្កើត សហព័ន្ធកីឡារាំកម្ពុជា កាលពីឆ្នាំ២០០៩ ក្រៅពីទទួលបានការគាំទ្រ នៅក្នុងស្រុក សហព័ន្ធក៏ត្រូវបានទទួល ស្គាល់ជា អន្តរជាតិ ពីសហព័ន្ធកីឡារាំ ពិភពលោក(WDSF)និងសហព័ន្ធរាំអាស៊ីផងដែរ ។ ជាមួយនិងការខិតខំជាបន្ត បន្ទាប់នោះ សហព័ន្ធជំនាញមួយនេះ បានជំរុញឲ្យមានការបង្កើតក្លឹប បានចំនួន ៦ នាពេលបច្ចុប្បន្ន ដោយមានកីឡាករ-កីឡាការិនីប្រមាណ ៥៦ នាក់ ខណៈសហព័ន្ធមានចៅក្រមថ្នាក់ជាតិ ៤នាក់ និងអន្តរជាតិម្នាក់ ៕