កណ្តាល៖
ជនសង្ស័យជាប្តី ត្រូវបានប្រពន្ធ ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន ក្រោយ អស់ការស៊ូទ្រាំ ក្នុងករណីហឹង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ
ជាច្រើនលើកច្រើនសាមិនកែខ្លួន ក៏សូម្បីឪពុកបង្កើតរបស់ជនសង្ស័យ ក៏មិនជុំទាស់និង កូនប្រសារស្រីដែរ ដែលហេតុការណ៍នេះ បានកើតឡើងជាលើកចុងក្រោយ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុចលើផ្ទះស្ត្រីជនរងគ្រោះ ស្ថិតក្នុង ភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរៈសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានប្រាប់អោយដឹងថា÷ស្ត្រីជាជនរងគ្រោះមានឈ្មោះ អាំង គឹមង៉ា អាយុ៣៣ឆ្នាំ(ជាប្រពន្ធ) ចំនែកជនសង្ស័យ មានឈ្មោះថន សុខឃឿន អាយុ៣៨ឆ្នាំ (ជាប្តី) អ្នកទាំងពីរ ជាជនជាតិខ្មែរមុខរបរ កសិករ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុ ។
វត្ថុតាងចាប់យក មាន៖ កាំបិតប៉័ងតោចំនួន០១ ផ្លែដែកដងធ្វើអំពីឈើមានប្រវែង ២៩សង់ ទីម៉ែត្រ , ខ្សែក្រវ៉ាត់ចំនួន០១ ធ្វើអំពីជ័រក្បាលដែក មានប្រវែង១១០ ស.ម ។ សម្ភារៈខូចខាតទូរសព្ទ័ដៃ០១គ្រឿងម៉ាកOppo ជារបស់ប្រពន្ធ ។
លោកអធិការ បន្តទៀតថា÷រយ:កាលកន្លងមក ជនសង្ស័យជាប្តី តែងតែផឹកស៊ីស្រវឹង រករឿងប្រច័ណ្ឌប្រពន្ធ ហើយ តែងតែប្រើអំពើហិង្សាវាយតប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់ និង ក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកថ្មី និងអាជ្ញាធរភូមិឃុំធ្លាប់ បានចុះទៅអប់រំណែនាំជនសង្ស័យនិងធ្វើកិច្ចសន្យាជាច្រើនដងមកហើយ ប៉ុន្តែជនសង្ស័យ នៅតែមិនព្រមកែប្រែសេចក្តីថ្លៃថ្នូរ សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ។
ជាក់ស្តែង នៅវេលាថ្ងៃកើតហេតុថ្ងៃចុងក្រោយ ជនសង្ស័យបានត្រឡប់មកពីផឹកស៊ីស្រវឹង ហើយ បានអង្គុយហូបបាយនៅលើផ្ទះជាមួយប្រពន្ធកូន ក៏នៅតែរករឿងប្រច័ណ្ឌដោយចោទប្រកាន់ថាប្រពន្ធ មានសាហាយ រួចហើយក៏បានប្រើអំពើហិង្សាវាយទៅលើប្រពន្ធត្រូវចំក្ដោងច្រមុះចំនួនមួយដៃ និង យកខ្សែក្រវ៉ាត់វាយត្រូវចំចង្កេះខាងឆ្វេងប្រពន្ធ ចំនួនមួយខ្សែក្រវ៉ាត់ រួចក៏បន្តយកកាំបិតប៉័ងតោ ដេញកាប់ទៅលើប្រពន្ធ រត់ជុំវិញផ្ទះ បណ្ដាលឲ្យដួលរងរបួសក្បាលជង្គង់ខាងឆ្វេង។ មិនតែប៉ុណ្ណោះជនសង្ស័យបានយកទូរសព្ទដៃរបស់ប្រពន្ធ ចំនួន០១គ្រឿងម៉ាក Oppo បោកចោលបែកខ្ទីចខ្ទីអស់។
ដោយអស់លទ្ធភាពក្នុងការស៊ូទ្រាំ គ្រាំគ្រាទាំងផ្លូវចិត្តនិងផ្លូវកាយញឹកញយច្រើន លើកច្រើនសារពេក ស្ត្រីរងគ្រោះក៏សម្រេចចិត្ត ជម្រាបឪពុកក្មេក (ឪពុកបង្កើតរបស់ ជនសង្ស័យ) ដើម្បីសុំប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកថ្មី អោយ ចុះជួយអន្តរាគមន៍ និង ឃាត់ខ្លួនជនសង្ស័យ(ជាប្តី) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
