ភ្នំពេញ៖

អ្នកយាមសាលាបឋមសិក្សាទួលរកាកុះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើបង់ ហើយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីគាត់ក្រោកពីព្រលឹមបើកទ្វារសាលា។ 

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៤០នាទីព្រឹក ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចនៅក្នុងបរិវរណសាលាបឋមសិក្សាទួលរកាកុះ ផ្លូវបេតុង ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះដេកស្លាប់ឈ្មោះ ថុល វណ្ណធឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរអ្នកយាមសាលា ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមស្ត្រីឈ្មោះ នៅ ស៊ីធន អាយុ៥០ឆ្នាំ មុខរបរលក់ដូរ បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលគាត់ចូលមកក្នុងសាលាដើម្បីរៀបចំបើកកន្លែងលក់ដូរ ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកនៅលើបង់មានអាការៈមិនស្រួល។ នៅពេលនោះគាត់ បានប្រាប់អ្នកដែលនៅក្បែរនេះ មកជួយមើល ទើបដឹងថាគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមព័ត៌មានឱ្យដឹងទៀតថាបុរសរូបនោះ បានក្រោកតាំងពីវេលាម៉ោង ៤ព្រឹក ដើម្បីបើកទ្វារ មិននឹកស្មានថាគាត់ ដេកលើកបង់ស្លាប់បាត់បង់ជីវិតបែបនេះ។ តាមលោកគ្រូម្នាក់ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា បងថ្លៃរបស់ខ្លួនរស់នៅតែម្នាក់ឯងនិងតែងតែផឹកស្រា ជាប្រចាំ ដោយសារគាត់ពុំមានការងារធ្វើ ក៏បានហៅមកជួយមើលការខុសត្រូវយាមសាលា។ 

នៅព្រឹកនោះដែរ សមត្ថកិច្ចជំនាញ ក៏បានចុះទៅត្រួតពិនិត្យសពតាមការពិនិត្យកន្លែងកើតហេតុ សាកសព លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាបុរសរូបនោះស្លាប់ដោយគាំងបេះដូង ៕