លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសគំរាមថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ជំនួយទាំងអស់ដល់ប្រទេសនីហ្សេរីយ៉ា ហើយអាចនឹង បញ្ជូនយោធាទៅកាន់ប្រទេសនេះ ប្រសិនបើប្រទេសមួយនេះ មិនបញ្ឈប់ការសម្លាប់លើអ្នកកាន់សាសនាគ្រិស្តនោះទេ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ត្រាំ បានដាក់ប្រទេសនីហ្សេរីយ៉ាចូលទៅក្នុងបញ្ជីប្រទេស រំលោភលើសេរីភាពសាសនា និងបានស្នើសុំឲ្យក្រសួងសង្រ្គាមរបស់ខ្លួន រៀបចំសម្រាប់សកម្មភាពយោធា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើប្រទេសនីហ្សេរីយ៉ា មិនចាត់វិធានការបង្ក្រាបការសម្លាប់លើអ្នកកាន់សាសនាគ្រិស្តទេនោះ។ ជាការឆ្លើយតប រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ាបានបដិសេធការចាត់តាំងរបស់សហរដ្ឋអាមេរិក ដែលថាប្រទេសខ្លួនជាប្រទេសរំលោភលើសេរីភាពសាសនា ដោយថាការចោទប្រកាន់នេះ ផ្អែកលើព័ត៌មានមិនពិត និងទិន្នន័យមិនត្រឹមត្រូវ ខណៈដែលប្រទេសនីហេ្សរីយ៉ាបច្ចុប្បន្ន កំពុងប្រឈមនឹងអំពើភេរវកម្ម មិនមែនជាការសម្លាប់តែលើអ្នកកាន់សាសនាគ្រិស្តនោះទេ ហើយលោកប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា ក៏បានថ្លែងបញ្ជាក់ស្វាគមន៍ជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមឥស្លាមផងដែរ តែដរាបណាបូរណភាពទឹកដីរបស់ប្រទេសត្រូវបានគោរព។