ភ្នំពេញ៖ 

ក្មេងទំនើងក្រុមឈូកវ៉ា១ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់ក្នុងករណីបង្កហិង្សាដោយចេតនាមានស្ថានទំងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់មរណភាព (បើកម៉ូតូទៅបុកបង្គោលភ្លើងស្លាប់)និង រងបួសធ្ងន់ ។ 

ជនសង្ស័យទាំង៤នាក់៖១. ឈ្មោះ ម៉ុន សុបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ,២.ឈ្មោះ ថា ដារិទ្ធ ហៅ ចិន ភេទប្រុស អាយុ១៧ឆ្នាំ ,៣.ឈ្មោះ ឆេង សុភារះយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ,និង៤.ឈ្មោះ ហ៊ន ឈិនទ្បុង ហៅ ទ្បុង ភេទប្រុស អាយុ១៨ឆ្នាំ ។ 

តាមលោកវរៈសេនីយ៍ឯក ម៉ម សាវន  ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី០៩ខែ វិច្ឆិកា ២០២៥ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ ខណ្ឌទួលគោក ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និង ដកហូតបានកាំបិតប៉័ងតោ ២ដើម និងស្លាកលេខម៉ូតូ១សន្លឹក ។ 

លោកវរៈសេនីយ៍ឯក ម៉ម សាវន  បានឲ្យដឹងទៀតថាជនសង្ស័យជាក្រុមក្មេងទំនើងក្រុមឈូកវ៉ា១ ដែលបង្កហិង្សាចំនួន២ករណី បណ្តាលអោយជនរងគ្រោះមរណភាពនិងរងរបួសធ្ងន់។

ករណីទី១ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះម្នាក់ទទួលមរណភាព (ស្លាប់) និងម្នាក់ទៀត រងរបួសធ្ងន់ នៅចំណុចស្ពានអាកាសតិចណូ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលវេលាម៉ោងប្រហែល ៣និង០៥នាទី ថ្ងៃទី១៧ ខែសីហាឆ្នាំ ២០២៥។ 

ករណីទី២ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស (កាប់ប្លន់យកស្លាកលេខម៉ូតូ ) និងបណ្តាលអោយរងរបួស នៅចំណុចវត្តជុំ ផ្លូវលេខ២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៣និង១៥នាទី ថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២៥។ 

តាមនគរបាល បានអោយដឹងទៀតថាជនសង្ស័យមានបក្សពួកជាច្រើននាក់ដែលនៅសេសសល់ ហើយ នគរបាលនឹងបន្តស្រាវជ្រាវ បង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ៕