ភ្នំពេញ ៖
បុរសម្នាក់ បានធ្លាក់ពីលើអគារផ្ទះជួល ជាន់ទី២ បណ្ដាលឲ្យស្លាប់ បន្ទាប់ពីផឹកស្រវឹង យកអង្រឹងទៅចងដេកនៅមុខបន្ទប់ ហើយ ដើរទ្រេតទ្រោត និងតោងបង្កាន់ដៃ របូតដៃធ្លាក់មកក្រោម។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រចូល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅ ត្រង់ចំណុចអាគារផ្ទះជួល លេខ១៣៥ ផ្លូវបេតុង ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញហើយបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ជនរងគ្រោះរូបនោះ ឈ្មោះ ក្រឹង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ស្នាក់នៅបន្ទប់ជួលលេខ៨០ ជាន់ទី២ កន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺពីមិត្តស្រី បានឲ្យដឹងថារូបគាត់និងជនរងគ្រោះ ព្រមទាំងមិត្តភក្តិចំនួន៣នាក់ទៀត បានជួលបន្ទប់ស្នាក់នៅជាមួយគ្នា។ កន្លងមក ជនរងគ្រោះតែងតែយកអង្រឹងចងដេកមុខបន្ទប់។ នៅវេលាម៉ោងប្រហែល១១និង៥៥នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះ បានត្រឡប់មកពីផឹកដោយអាការៈស្រវឹងស្រាខ្លាំងដើរទ្រេតទ្រោត រួចក៏យកអង្រឹងទៅចងដេកមុខបន្ទប់ដូចសព្វដង ។ មួយសន្ទុះក្រោយ ស្រាប់តែឮសម្លេងលាន់ស័ង្កសី ដោយពុំចាប់អារម្មណ៍ឡើយស្មានតែឆ្មារលោត។ លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញសាកសពជនរងគ្រោះស្លាប់នៅជាន់ក្រោម តែម្តង។
តាមកាមេរ៉ាសុវត្ថិភាព បានអោយដឹងថានៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឃើញជនរងគ្រោះ បានឈរនោមនៅពីខាងមុខបន្ទប់នៅជាន់ទី២ រួចក៏មានអាការៈដើរទ្រេតទ្រោត ហើយក៏ដើរទៅតោងបង្កាន់ដៃឡើងផ្លោះទៅម្ខាង ហើយបានរបូតជើង របូត ដៃធ្លាក់ចុះទៅក្រោមតែម្នាក់ឯង។
តាមការពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ធ្លាក់ពីលើបង្កាន់ដៃអគារជាន់ទី២)៕
