បាត់ដំបង៖ 

បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានដើរធ្លាក់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចខាងកើតសាលាឆទាន ស្ថិតក្នុងក្រុមទី១ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សុខ ពាង ហៅវង ភេទប្រុស អាយុ៨០ឆ្នាំ មុខរបរពិការ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយជនរងគ្រោះជាមនុស្សដែលផឹកស្រាសជាប្រចាំនិងតែងវង្វេងជាញឹកញាប់ទើបបណ្ដាលអោយធ្លាក់ទឹកស្រះលង់ស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅពិនិត្យ ដោយបានការបំភ្លឺជុំវិញកន្លែងកើតហេតុរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មក ក៏បានប្រគល់ទៅអោយឈ្មោះ ចេវ រឿន ត្រូវជាប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕