បាត់ដំបង៖

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ចុះបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនាំមនុស្ស០៧នាក់ បម្រុងឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៣និង១៥នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើដងផ្លូវជាតិលេខ59A ស្ថិតក្នុងក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អុឹម សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ ស្លាកែត ក្រុងបាត់ដំបង ខណៈដែលរូបគេកំពុងបើករថយន្តធ្វើសកម្មភាពទាក់ទង នាំពលរដ្ឋ ខ្មែរចំនួន០៧នាក់បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ ថ្លៃជូនក្នុងម្នាក់ៗចំនួន ៨.០០០បាត(ប្រាំបីពាន់បាត)  ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចបាននាំខ្លួនមនុស្សប្រុសស្រី០៨នាក់ វត្ថុតាងរថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ប្រផេះ ០១គ្រឿង មកអធិការដ្ឋាននគរបាលស្រុក សំពៅលូន ដើម្បីសាកសួរ បន្ទាប់មកអ្នកប្រព្រឹត្តិសមត្ថកិច្ចនាំមកកាន់ផែនជំនាញនៅ ស្នងការដ្ឋានដេីម្បីអនុវត្តតាមផ្លូវច្បាប់ រីឯមនុស្ស០៧នាក់ ក្នុងនោះស្រី០៣នាក់បានធ្វេី ការអប់រំ ឱ្យទៅមូលដ្ឋានវិញ ដោយមានការសន្យាឈប់បន្តការប្រថុយប្រថានក្នុងរឿងនេះ ទៀត ព្រោះជារឿងខុសច្បាប់និងគ្រោះថ្នាក់បំផុត ៕