កំពង់ស្ពឺ៖ 

យុវជនម្នាក់ បានបង្កហិង្សាដោយចេតនាទៅលើយុវសិស្សចំនួន០៣ដងម្តាយយុវសិស្សរងគ្រោះទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឈានទៅដល់ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ការឃាត់ខ្លួនយុវជនបង្កហិង្សាខាងលើ បានធ្វើឡើងវេលាម៉ោង០២និង៣០នាទីនាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចវិទ្យាល័យត្រែងត្រយឹង នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថា យុវជនសង្ស័យខាងលើ មានឈ្មោះ លឹម នឿនប៊ុនហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកយុវសិស្សរងគ្រោះមានឈ្មោះ លី គីមហុង អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៨នៅសាលាវិទ្យាល័យត្រែងត្រយឹង រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិ ទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួច បានបន្តថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនយុវជន សង្ស័យបង្កហិង្សាខាងលើ គឺកាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៥  ឈ្មោះ ហេង សុភាព ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិទី៥  ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានប្ដឹងទៅលើឈ្មោះ លឹម នឿនប៊ុនហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ពីបទ៖ហិង្សាដោយចេតនាលើកូនប្រុសរបស់ខ្លួន។

នគរបាលស្រុកភ្នំស្រួច បានបន្តទៀតថាក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយយុវសិស្សខាងលើ  វេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បានទៅហៅឈ្មោះខាងលើនៅចំណុចភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល មកសួរនាំ យុវជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជា បាន ចូលទៅវាយ យុវសិស្សជាជនរងគ្រោះដល់ក្នុងថ្នាក់រៀនពិតប្រាកដមែន។ 

មូលហេតុដែលឈានទៅដល់វាយ(បង្កហិង្សា)នោះ ដោយសារតែខ្លួនខឹងយុវសិស្ស ជនរងគ្រោះ ជេប្រមាថម្ដាយរបស់ខ្លួន។ នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាកន្លងទៅ៖ ឈ្មោះ លឹម នឿនប៊ុនហេង ធ្លាប់វាយ កូនប្រុសរបស់ខ្លួនចំនួន០៣ដងមកហើយ!។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ៕