ភ្នំពេញ៖
នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន សហការជាមួយនាយក ដ្ឋាន នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់បើកបររថយន្តដែលបំពាក់ ឧបករណ៍ ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដែលផ្សព្វផ្សាយអំពីអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងក្លែង គេហទំព័រ បន្លំជាក្រុមហ៊ុនបណ្តាញសង្គមតេឡេក្រាមគ្នុងគោលបំណងឆបោក ។
តាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថាយោងតាមបញ្ជាដឹកនាំ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុល ណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១.ឈ្មោះ ឡុ.រ ២.ឈ្មោះ ខ.ប.ប ៣.ឈ្មោះ ក.ច.រ ដែលកំពុងធ្វើសកម្មភាពបើកបររថយន្ត ដែលបំពាក់ឧបករណ៍ផ្ តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដែលផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងក្លែងគេហទំព័របន្លំ ជាក្រុមហ៊ុន បណ្តាញសង្គមតេឡេក្រាម ដែលមានខ្លឹមសារបំភិតបំភ័យពាក់ព័ន្ធនិង សុវត្ថិភាពគណនីតេឡេក្រាមដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី ក្នុងគោលបំណងចូលគ្រប់គ្រងគណនី ឈានយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។
តាមការសាកសួរ ជនសង្ស័យទាំង ០៣នាក់ បានចូលធ្វើការជាអ្នកបើករថយន្តបំពាក់ ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥។ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៍បានក្រើនរំលឹកដល់សារធារណជន សូមកុំចុចលើតំណភ្ជាប់ណាមួយដែលមិនមាន ប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ជៀសវាង ជនអានាមិកអាចគ្រប់គ្រងទិន្នន័យ ឬគណនីផ្សេងៗរបស់យើងបាន ឈានដល់ការ ប្រឈមហានិភ័យនានាដោយប្រការណាមួយ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
