ភ្នំពេញ ៖ 

យុវជនម្នាក់ បានបោកក្បាលស្លាប់នៅនិងកន្លែង បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ទៅបុករថយន្តដឹកឥដ្ឋ ពីក្រោយពេញទំហឹង។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ ខាងជើងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់  ក្នុងភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

យុវជនរូបនោះភ្លាមៗ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណ ១៨ឆ្នាំ ជិះម៉ូតូ SUZUKI NEX ពាក់ស្លាកលេខ ភ្នំពេញ 1KL-3022។ ចំណែករថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0726 អ្នកបើកបរ បានគេចខ្លួនបាត់។

តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងជាមូលហេតុអ្វីទេ ក៏បានជ្រុលទៅបុករថយន្តដឹកឥដ្ឋ ពីក្រោយពេញទំហឹង បណ្ដាឲ្យបោកក្បាលស្លាប់នៅកន្លែង។ ភ្លាមៗនោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ក៏បានចុះទៅដល់កន្លែងកើតហេតុ ប្រុងបញ្ជូនជនរងគ្រោះទៅសង្គ្រោះតែស្លាប់បាត់ហើយ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្ត បានគេចខ្លួនបាត់បន្សល់ទុកជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម។ ក្រោយពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយ ទាក់ទងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងរួចនាំយករថយន្តនិងម៉ូតូទៅកាន់ការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៕