ប៉ៃលិន៖
រហូតមកដល់វេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នគរបាលនៃអធិការក្រុងប៉ៃលិន សហការជាមួយនគរបាលស្នងការខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងធ្វើការប្រម៉ាញ់ចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្ម(សម្លាប់ឪពុកបង្កើត) បានហើយ។
ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថាជនសង្ស័យមាន ឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារដោយសារញៀនថ្នាំញៀន) រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពដដែល បានបន្តទៀតថា កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៩និង០០នាទីព្រឹក ជនសង្ស័យកំពុងដេកអង្រឹងនៅក្រោមផ្ទះ ខណៈដែលជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ។ ភ្លាមនោះជនសង្ស័យ បានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថា កូនកុំស្រែកឡូឡាជេរចឹង ព្រោះពុកកំពុងឈឺផង។ តែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះកំផ្លៀងជនសង្ស័យមួយដៃ ហើយជនសង្ស័យក៏ទះឪពុកវិញ បណ្តាលឱ្យដួល។ រួចជនសង្ស័យទាញយកចបកាប់វាយទៅលើឪពុក បណ្តាល(ចំចំណុចថ្ងាសចំនួន១ផ្លែចប មុតរបួសខ្ទង់ច្រមុះរយះប្រវែល៨សង់ទីម៉ែត្រ) បណ្តាលឱ្យស្លាប់ភ្លាមក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ប្រភពបញ្ជាក់ទៀតថា ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេល២យប់/២ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨និង០០នាទីព្រឹក នគរបាលក៏ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន៕
