ភ្នំពេញក្រោន បានរក្សាកំណត់ត្រាមិនចាញ់សោះ គិតត្រឹមសប្ដាហ៍ទី១១ជុំទីមួយ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។ ភ្នំពេញក្រោន បានបង្ហាញទម្រង់លេងដ៏រឹងមាំរបស់ពួកគេ ដែលធ្វើឱ្យសិង្ហក្រហមភ្នំពេញក្រោន ក្លាយជាក្រុមកំពូលមួយនៅលើតារាងចំណាត់ថ្នាក់របស់ CPL រដូវកាលនេះ ដោយភាគច្រើនទទួលបាន៣ពិន្ទុ ទាំងការប្រកួតក្នុងដីនិងក្រៅដី។

ចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី១១ ភ្នំពេញក្រោនបានបង្ហាញការសហការគ្នាយ៉ាងល្អ និងវិន័យល្អនៅលើទីលាន។ ស្ទីលនៃការលេងការពារដ៏រឹងមាំ និងការវាយបកយ៉ាងរហ័សរបស់ភ្នំពេញក្រោន បានជួយឱ្យពួកគេឈ្នះការប្រកួតសំខាន់ៗ និងរក្សាការមិនចាញ់សូម្បីតែមួយនៅក្នុងការប្រកួតដ៏លំបាកទាំង៩ របស់ពួកគេ។ ជ័យជម្នះសំខាន់ៗរួមមាន គឺជាការទទួលជ័យជម្នះលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ ក៏ដូចជាការបង្ហាញទម្រង់លេងដ៏រឹងមាំជាមួយក្រុមខ្លាំងដូចជាព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរផងដែរ។ 

បើយោងទៅតាម តារាងចំណាត់ថ្នាក់បច្ចុប្បន្ន នៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ព្រះខ័នរាជស្វាយរៀងឈរនៅលេខរៀងទី១ មាន២៤ ពិន្ទុ ។ ចំណែកអង្គរថាយហ្គឺរមានពិន្ទុសរុប២១ ចំណែកភ្នំពេញក្រោនមាន ២១ពិន្ទុ។ បឹងកេតមាន១៦ ពិន្ទុក្នុងដៃ ចំណែកឯណាហ្គាវើលដ៍ មាន១៥ពិន្ទុ។  កងយោធពលខេមរភូមិន្ទ១៣ ពិន្ទុ វិសាខាមាន១១ ពិន្ទុ ចំណែកឯក្លឹប អឹម អូ អាយ កំពង់ដេវ៉ា មាន ១០ ពិន្ទុ។ គិរីវង់សុខសែនជ័យមាន ៧ ពិន្ទុ ចំណែកឯក្លិប ឡាយហ្វខេត្តព្រះសីហនុមាន៤ពិន្ទុ និង អាយ អេស អាយ ដង្កោសែនជ័យមាន៤ពិន្ទុ ៕