ស្ទឹងត្រែង៖
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ឯ.ឧ សរ សុពុត្រា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់ស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចោរប្លន់មួយក្រុមនោះ ឲ្យខាងតែបាន បន្ទាប់ពីបានទទួលដំណឹងអំពីករណីប្លន់មានស្ថានទម្ងន់ទោស កាលពីម៉ោងប្រមាណជា ១និង៤២នាទីរំលងអាធ្រាត្រ ថ្ងៃទី០៨ ខែវិច្ឆិកា២០២៥ កន្លងទៅនេះ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ឯ.ឧ សរ សុពុត្រា មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកានេះថា ក្រោយពីទទួលបានព័ត៌មានស្ដីពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១និង៤២នាទីរំលងអាធ្រាត្រ នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចូលអាហារដ្ឋាន ទឹករាំ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ឯ.ឧ បានបញ្ជាផ្ទាល់ទៅកាន់ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឱ្យបើកប្រតិបត្តិការបង្ក្រាប ក្រុមនេះ ខាងតែបាន។
លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា ជាលទ្ធផល កម្លាំងជំនាញដឹកនាំ ដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានប្រើប្រាស់រយៈពេល១២ម៉ោង ក្នុងការស្រាវជ្រាវ ឈានទៅបង្ក្រាបបានទាំងស្រុង ព្រមទាំងពន្លាតបន្ថែម បាន១ករណីទៀត ក្រោមការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ទាំង ៥នាក់នោះ កម្លាំង នគរបាលខេត្ត បានបំបែកសំណុំរឿង ១ករណីផ្សេងទៀត ដោយឃាត់ខ្លួនមុខសញ្ញាចែ កចាយគ្រឿងញៀន ៧នាក់ ដកហូតម៉ូតូ២គ្រឿង និងថ្នាំញៀនមួយចំនួន បញ្ជូនទៅ តុលាការខេត្ត ផងដែរ៕
