ភ្នំពេញ៖
បុរសជាសន្តិសុខម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលបោកក្បាល ស្លាប់នៅនិងកន្លែង ខណៈពេលដែលធ្វើដំណើរជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រឡប់ទៅផ្ទះ។ទោះបីជាយ៉ាងណា គេពុំដឹងថាបុរសរូបនោះត្រូវរថយន្តកៀរដួល ឬដួលម៉ូតូខ្លួនឯង បោកក្បាលស្លាប់នោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះរូបនោះឈ្នោះសុះ ហ្វាន់ណាហ្វី អាយុប្រមាណ២៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ជាសន្តិសុខក្រុមហ៊ុនGSS មានលំនៅសង្កាត់ច្រាំងចំរះទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាក Today ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1AA-4690 ចេញពីធ្វើការ គោលបំណងទៅផ្ទះ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលបោកក្បាលស្លាប់នៅនិងកន្លែង។
តាមព័ត៌មានខ្លះអះអាងថាជនរងគ្រោះ ត្រូវរថយន្តកៀរដួលហើយបោកក្បាលស្លាប់ហើយរថយន្តក៏គេចបាត់។ ដោយឡែក ព័ត៌មានខ្លះ បានអះអាងថាជនរងគ្រោះដួលម៉ូតូខ្លួនឯង។ បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋាន ក៏បានចុះទៅសម្រួលចរាចរណ៍នៅកន្លែងកើតហេតុនិងទាក់ទងទៅក្រុមគ្រួសារ។
ជុំវិញការកើតមានគ្រោះថ្នាក់នេះ នគរបាលកំពុងតែធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់ពីមូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍នេះ៕
