កម្ពុជា មានបទពិសោធន៍រៀបចំព្រឹត្តិការណ៍កីឡាកម្រិតអន្ដរជាតិជាច្រើន ដូចជា៖ ស៊ីហ្គេម លើកទី៣២, អាស៊ានប៉ារ៉ាហ្គេម លើកទី១២, ជើងឯកគុនចម្រុះជើងឯកអាស៊ី លើកទី២, ប្រដាល់ឃីកប៊ុកស៊ីងជើងឯកអាស៊ី...។ល។ ជាពិសេស កម្ពុជា ក៏នឹងគ្រោងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ នៅឆ្នាំ២០៣១ ផងដែរ ។

ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតអន្ដរជាតិទាំងនេះ បានបង្ហាញពីសក្ដានុពល សមត្ថភាពក្នុងវិស័យកីឡា ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសុខសន្ដិភាព រួមទាំងវិស័យសក្ដានុពល ផ្សេងទៀតរបស់កម្ពុជា។ ជាមួយគ្នានេះ វឌ្ឍនៈគ្រុប នឹងរៀបចំការប្រកួតវាយកូនហ្គោលលក្ខណៈពិភពលោកមួយ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៥ នៅវឌ្ឍនៈហ្គោលរីហ្សត។ ព្រឹត្តិការណ៍នេះ បានបើកទ្វារឲ្យភ្ញៀវអន្ដរជាតិ ដែលជាកីឡាករវាយកូនគោលល្បីឈ្មោះលើពិភពលោក មកចូលរួម ។  

ដោយឡែក ក្រៅពីគោលដៅផ្សព្វផ្សាយពីកម្ពុជា វឌ្ឍនៈគ្រុប រៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដើម្បីរួមចំណែកផ្សព្វផ្សាយនិងជំរុញ កីឡាវាយកូនគោល ឲ្យក្លាយជាកីឡាមហាជន ដែលមនុស្សគ្រប់គ្នាអាចចូលលេងបានទាំង មនុស្សចាស់ មនុស្សពេញវ័យ មនុស្សក្មេង និងអ្នកមិនមានធនធាន ក៏អាចចូលរួមលេងបានដែរ ។

ប្រភេទកីឡាវាយកូនគោលនេះ មានអត្ថប្រយោជន៍ជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសជួយអភិវឌ្ឍការផ្ដោតអារម្មណ៍ អំឡុងពេលលេងកីឡានេះ ៕