ភ្នំពេញ៖ 

ទីតាំងដាក់សំរាមនៅជាន់ទី៥ នៃអគារផ្ទះជួលមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ តែពុំបានបាញ់នោះទេ ដោយប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងបាញ់ទឹកពន្លត់ទាន់ពេល ពុំបណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ នៅអគារលេខ១២៤ ជាប់សាលាបឋមសិក្សាបឹងសាឡាង តាមផ្លូវលេខ២៥៥ក្រុម៩ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។ 

តាមព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពី ជាន់ទី៥ ផ្សែងហុយទ្រលោមចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងប្រជាពលរដ្ឋ នាំគ្នាទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។ នៅក្នុងហេតុការណ៍នោះ រថយន្តពុំបានបាញ់ពន្លត់ឡើយដោយម្ចាស់រួមជាមួយប្រជាពលរដ្ឋនៅក្បែរខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់៤បំពង់ពន្លត់ទាន់ពេល។

នៅក្នុងហេតុការណ៍នោះ គេឃើញលោកជាពិសីអភិបាលខណ្ឌទួលគោកក៏បានចុះទៅកន្លែងកើតហេតុផងដែរ។ តាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាអគ្គិភ័យនេះ បណ្តាល មកពីអ្នកជួលបន្ទប់ជក់បារី បោះកន្ទុយ ចោលលើកន្លែងដាក់សំរាមបណ្ដាលឲ្យក្លាយជាអគ្គីភ័យឆាប់ឆេះតែម្ដង។

អគ្គិភ័យនេះបណ្ដាលឱ្យសម្ភារៈមួយចំនួននៅក្នុងបន្ទប់ជាប់នោះ បានរងការខូចខាតពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ៕