អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារា K-Pop ចាស់វស្សា យុនអា (HyunA) បានដួលសន្លប់នៅលើឆាកនៅក្នុងការប្រគុំតន្ត្រី WATERBOMB MACAO 2025 កាលពីថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ២០២៥ ថ្មីៗនេះ។ ភ្លាមៗបន្ទាប់ពីដួលសន្លប់ នាងត្រូវបានអង្គរក្សបីចេញពីលើឆាកសម្តែងនោះតែម្តង។ ចំណែកឯវីដេអូពីការដួលសន្លប់របស់នាង ត្រូវបានគេចែករំលែកពេញប្រព័ន្ធអ៊ីនធឺណិត។ 

យ៉ាងណាមិញ នៅយប់ថ្ងៃដដែល យុនអា (HyunA) បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមរបស់នាងរៀបរាប់ថា នាងពិតជាអារម្មណ៍ខុសឆ្គង និងសោកស្តាយជាខ្លាំង ចំពោះអ្នកគាំទ្ររបស់ខ្លួន ដែលបានចំណាយថវិកាក្នុងការទិញសំបុត្រចូលរួមទស្សនាការប្រគុំតន្ត្រីមួយនេះ។ នាងបន្តថា នាងបានតាំងចិត្តជាខ្លាំង ថានឹងធ្វើវាឱ្យបានល្អបំផុត សមនឹងឈ្មោះជាតារាចម្រៀងអាជីព ប៉ុន្តែបែរជាមានកំហុសឆ្គងកើតឡើងដ៏មិននឹកស្មាន។ នាងក៏បានអរគុណសម្រាប់ការស្រឡាញ់គាំទ្រ និងព្រួយបារម្ភពីនាង ប៉ុន្តែនាងលែងមានបញ្ហាហើយ ថែមទាំងសន្យាជាមួយអ្នកគាំទ្រថា នឹងព្យាយាមថែរក្សាសុខភាពរាងកាយឱ្យបានរឹងមាំ។

ដ្បិតថានៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍នេះក្តី ប៉ុន្តែមហាជនអ្នកគាំទ្រជាច្រើន បានសន្និដ្ឋានថា អាចបណ្តាលមកពីការសម្រកទម្ងន់របស់នាង ពោលកាលពីថ្ងៃទី ៤ ខែវិច្ឆិកា កន្លងទៅនេះ យុនអា (HyunA) បានប្រាប់ថានាងបានសម្រកគីឡូរហូតដល់ទៅ ១០ គីឡូក្រាមត្រឹមតែរយៈពេល ១ សប្តាហ៍ប៉ុណ្ណោះ៕