យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News បាននិងកំពុងផ្ទុះកក្រើកនៅទូទាំងពិភពលោក ជាពិសេសគឺនៅក្នុងប្រទេសកូរ៉េ និងជប៉ុនផ្ទាល់តែម្តង ជុំវិញស្ត្រីជនជាតិជប៉ុនម្នាក់អាយុប្រហែលជា ៥០ ឆ្នាំ ត្រូវបានតុលាកូរ៉េខាងត្បូង ធ្វើការចោទប្រកាន់ដោយគ្មានការឃុំខ្លួន ជុំវិញការថើបថ្ពាល់ Jin សមាជិកក្រុម BTS នៅក្នុងកម្មវិធីជំនួបអ្នកគាំទ្រ ដែលបានធ្វើឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្នុងទីក្រុងសេអ៊ូល។
កម្មវិធីខាងលើ រៀបចំឡើងបន្ទាប់ពី Jin បានបញ្ចប់កាតព្វកិច្ចនៅក្នុងជួរយោធា និងអនុញ្ញាតឱ្យអ្នកគាំទ្រតែ ១០០០ នាក់ប៉ុណ្ណោះ បានចូលរួម។ នៅក្នុងកម្មវិធីនេះទៀតសោត អ្នកគាំទ្រទាំងនោះ មានឱកាសបានឱបផ្ទាល់ជាមួយ Jin ដើម្បីបង្កើតភាពស្និទ្ធស្នាល ដោយតម្រូវឱ្យឡើងទៅម្តងម្នាក់ ប៉ុន្តែលុះដល់វេន ស្ត្រីជនជាតិជប៉ុនវ័យជាង ៥០ ឆ្នាំដែលត្រូវបានគេចោទប្រកាន់នេះ បានប្រព្រឹត្តហួសព្រំដែន ពោលគឺបានលោតទៅថើប Jin ទាំងកំរោលតែម្តង។ យ៉ាងណាមិញ ស្ត្រីរូបនោះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតរិះគន់យ៉ាងខ្លាំង ទៅលើទង្វើអសីលធម៌របស់គាត់ បន្ទាប់ពីវីដេអូ ដែលថតបានដោយអ្នកចូលរួម ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។
ដោយឡែក បើយោងតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា Jin ក៏មានបំណងប្តឹងទៅលើស្ត្រីរូបនេះផងដែរ ប៉ុន្តែប៉ូសីលមិនអាចធ្វើការទាក់ទៅកាន់ស្ត្រីជាប់ចោទបានទេ ក៏ដោយសារតែគាត់បានវិលត្រលប់ទៅប្រទេសជប៉ុនភ្លាមៗបន្ទាប់ពីហេតុការណ៍នោះបានកើតឡើង។ អស់ជាច្រើនខែកន្លងមក ស្ត្រីខាងលើបានត្រលប់មកប្រទេសកូរ៉េវិញ ដើម្បីចូលខ្លួនដោះស្រាយ និងទទួលស្គាល់ការចោទប្រកាន់ផងដែរ ខណៈពេលដែលគាត់បានត្រឹមតែពោលពាក្យស្តាយក្រោយ និងមិននឹងស្មានថាទង្វើដែលខ្លួនបានប្រព្រឹត្តរាប់ទុកជាបទល្មើសនោះទេ។
គួរឱ្យដឹងដែរថា បន្ទាប់ពីវាយតម្លៃទៅលើភស្តុតាង រួមទាំងការសារភាព កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងទៅ ស្ត្រីជនជាតិជប៉ុនរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភបំពានដោយបង្ខំ និងអាចជាប់ពន្ធនាគាររហូតដល់ទៅ ១០ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ទៅ ១៥ លានវ៉ុន៕
