ក្រោយពេលគ្រងមកុដជាបវរកញ្ញា Miss Cosmo Cambodia 2025 ផន ស្រពី បានពង្រឹងសមត្ថភាពជាច្រើនទៅលើចំណុចដែលខ្លួនគិតថាមានចន្លោះខ្វះខាត ទាំងការដើរ សំណួរចម្លើយ ពិសេសថែមទាំងបានកែកុនបន្តិចបន្តួចទៅលើរូបសម្រស់ផ្នែកខាងក្រៅឱ្យកាន់តែមានភាពទាក់ទាញផងដែរ។ ជាការពិតណាស់ បន្ទាប់ពីហ្វឹកហាត់អស់រយៈពេលជាច្រើនខែកន្លងមកនេះ ស្រីពី ក៏ដល់ពេលវេលាដែលត្រូវចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងនាមជាបវរកញ្ញាតំណាងប្រទេស ទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo 2025 នៅឯប្រទេសវៀតណាម ដោយស្រីស្អាតរូបនេះ បានធ្វើដំណើរចាកចេញហើយ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។ យ៉ាងណាមិញ មុនចាកចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិខាងលើ ខាងស្ថាប័ន ក៏ដូចជាអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ ក៏បានរៀបចំកម្មវិធីជប់លៀងជូនដំណើរ ស្រីពី យ៉ាងមហោឡារិកផងដែរ កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដោយឡែកងាកមកកាន់ថ្ងៃចេញដំណើរឯណេះវិញ ឃើញថា ក៏មានបវរកញ្ញារួមស្ថាប័ន និងក្រៅស្ថាប័នជាច្រើន បានផ្ញើពាក្យជូនពរល្អៗ តាមរយៈការបង្ហោះវីដេអូនៅលើបណ្តាញសង្គម និងការទៅជូនដំណើរផ្ទាល់ជាដើម។ ក្នុងនោះ គេសង្កេតឃើញថា ក៏មានអ្នកគាំទ្រនៅក្នុងវិស័យប្រកួតបវរកញ្ញានេះស្រាប់ បានចូលរួមហែហមជូនដំណើរ ផន ស្រីពី ឡើងយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិតេជោផ្ទាល់តែម្តង ដែលនេះសបញ្ជាក់ឱ្យឃើញពីកម្លាំងចិត្តដ៏ធំធេងរបស់ពួកគេមានចំពោះបវរកញ្ញាតំណាងជាតិរបស់យើង។

គួរឱ្យដឹងដែរថា ផន ស្រីពី នឹងត្រូវប្រកួតនៅក្នុងកម្មវិធី Miss Cosmo ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដែលម្ចាស់ផ្ទះរៀបចំធ្វើការប្រកួត គឺប្រទេសវៀតណាម៕