ចាត់ទុកថាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ក្រោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា មានបុរសម្នាក់អាយុខ្ទង់ ៣០ ឆ្នាំ ប្រដាប់ដោយអាវុធ បានលួចចូលទៅក្នុងផ្ទះរបស់ Nana ដែលជាតារាសម្តែង និងជាអតីតសមាជិកក្រុម After School នៅក្នុងទីក្រុងហ្គូរី ខេត្តក្យុងហ្គី ក្នុងគោលបំណងប្លន់ទ្រព្យសម្បត្តិ ខណៈពេលដែលនាង និងម្តាយរបស់នាងកំពុងសម្រាកនៅក្នុងផ្ទះ។

សារព័ត៌មានខាងលើបានរាយការណ៍បន្ថែមថា អ្នកទាំងពីរបានប្រតាយប្រតប់គ្នាជាមួយបុរសរូបនោះ រហូតជនល្មើសខាងលើមានការរងរបួសយ៉ាងដំណំ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។ ភ្លាមៗបន្ទាប់ពីកើតហេតុ នាងក៏បានទូរស័ព្ទទៅរកប៉ូលីសដើម្បីចុះមកអន្តរាគមន៍។

យ៉ាងណាមិញ ទីភ្នាក់ងាររបស់នាង គឺ SUBLIME បានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ទាំង Nana និងម្តាយរបស់នាង បានរងរបួសនៅក្នុងហេតុការណ៍នេះ ស្របពេលដែលម្តាយរបស់នាង បានសន្លប់ដោយសាររងរបួសធ្ងន់ធ្ងរ ចំណែកឯ Nana ក៏បានរងរបួសរាងកាយដូចគ្នា។ ដោយឡែក ជុំវិញករណីនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស៊ើបអង្កេត ហើយចំពោះព័ត៌មានលម្អិតពីហេតុការណ៍ដ៏មិននឹកស្មាននេះ ក៏នៅមិនទាន់អាចបង្ហាញជូនជាសាធារណៈនៅឡើយទេ ៕