បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះជាតារាចម្រៀងនៅលើទឹកដីនៃប្រទេសមហាអំណាចអាមេរិក អស់រយៈពេលជិត ២ ឆ្នាំ ស្រាប់តែថ្មីៗនេះ សុវត្ថិ មុនីនាគ ឬ N.JOHN ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ចេញ Mini Album ដំបូងរបស់ខ្លួនជាផ្លូវការហើយ ដែលមានឈ្មោះថា LA LA LAND។

នៅក្នុង Album ខាងលើ ដែលជាការបើកទំព័រប្រវត្ថិសាស្រ្តថ្មីក្នុងវិស័យតន្ត្រីនាឯនាយសមុទ្រ N.JOHN បានរួមបញ្ចូលបទចម្រៀងយ៉ាងសម្រាំងជាពិសេសចំនួន ៦ បទ មានដូចជា She Knows, Push it back, Murder, Loveless, Lala Land និង Pop Out ។

នៅក្នុងចំណោមបទទាំង ៦ នេះ បទ Lala Land ក៏បាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រផងដែរ ក៏ព្រោះតែបទនេះ មានការច្រៀងរួមគ្នាជាមួយតារារ៉េបអាមេរិកដ៏ល្បីល្បាញនៅអំឡុងឆ្នាំ ២០០០ គឺ «ជេយស៊ីន ធើរែល ថេល័រ» (Jayceon Terrell Taylor) ហៅ The Game។ 

The Game រាប់ទុកថាជាកំពូល Rapper មួយរូប ដោយបទចម្រៀងរបស់លោក ផ្ទុះការគាំទ្រខ្លាំងនៅទូទាំងពិភពលោក ជាពិសេសបទចម្រៀងនីមួយៗ មានអ្នកទស្សនានៅលើ YouTube រហូតដល់ទៅរាប់រយលានដងឯណោះ។

យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យរបស់ N.JOHN ងាកទៅចាប់អារម្មណ៍ ឧកញ៉ា ព្រាប សុវត្ថិ ឯណេះវិញ ក៏តែងតែសកម្មនៅលើបណ្តាញសង្គមផងដែរ ដោយឧកញ៉ារូបនេះ កំពុងមានមោទនភាពយ៉ាងខ្លាំងទៅលើកូនប្រុសទីពីររបស់ខ្លួន ខណៈពេលដែល N.JOHN បញ្ចេញ Mini Album ដំបូងរបស់ខ្លួន៕