កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ទេព បូព្រឹក្ស បានធ្វើការជូនដំណឹងមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួន អំពីការរំសាយការប្រគំតន្ត្រីដែលមានឈ្មោះថា “TBP FAN PARTY” ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

មូលហេតុនៅពីក្រោយការប្រកាសរំសាយការប្រគំតន្ត្រីភ្លាមៗបែបនេះ ក៏ដោយសារតែ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃ បានធ្វើការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ មកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។ 

ជាមួយគ្នានេះ តារាចម្រៀង ទេព បូព្រឹក្ស រៀបរាប់ទាំងអួលដើមកថា ខ្លួនមិនអាចរៀបចំកម្មវិធីច្រៀងសប្បាយបាននោះទេ ខណៈពេលដែលប្រទេសកំពុងជួបទុក្ខលំបាក ពីការឈ្លានពានរបស់យោធាថៃ។ បូព្រឹក្ស បន្តថា កម្មវិធីប្រគំតន្ត្រី កម្មវិធីជួបជុំសប្បាយជាមួយអ្នកគាំទ្រ គឺអាចធ្វើឡើងវិញនៅពេលណាក៏បានដែរ ដរាបណាប្រទេសជាតិមានសុខសន្តិភាព។ 

ទេព បូព្រឹក្ស ក៏បានបញ្ជាក់ដែរថា ចំពោះសំបុត្រ ដែលសាធារណជនបានជាវសម្រាប់ចូលរួមការប្រគុំតន្ត្រី “TBP FAN PARTY” នឹងបង្វិលទៅឱ្យវិញគ្រប់ចំនួន ហើយក៏សង្ឃឹមផងដែរថា មហាជនអ្នកគាំទ្រ នឹងមានការយោគយល់គោលបំណងរបស់ខ្លួន ដែលស្ថិតនៅក្នុងកាលៈទេសៈមួយនេះ៕