មហាជនអ្នកគាំទ្រវិស័យប្រកួតសម្រស់ ទាំងជាតិ និងអន្តរជាតិ បាននិងកំពុងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបវរកញ្ញាប្រចាំប្រទេសមីយ៉ាន់ម៉ាដ៏ល្បីល្បាញម្នាក់ ដែលមានឈ្មោះថា «ធេ ស៊ូ យ៉េង» (Thae Su Nyein) បានបង្ហាញវត្តមាននៅព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។ នៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ កញ្ញា ប៊ី សុធារី ដែលជាមិត្តស្និទ្ធស្នាល បានឱ្យដឹងថា លើសពីដំណើរទស្សនកិច្ច បវរកញ្ញាមីយ៉ាន់ម៉ាខាងលើ នឹងធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍មួយចំនួននៅរាជធានីភ្នំពេញ រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ, Walk Street, ម្ហូបអាហារ និងទំនៀមទំលាប់ប្រពៃណីខ្មែរជាដើម។ ក្រៅពីនេះ ប៊ី សុធារី រួមទាំងក្រុមការងារ ក៏ចង់បង្ហាញឱ្យឃើញដែរថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការរីកចម្រើនលើវិស័យផ្សេងៗ ដែលអន្តរជាតិមួយចំនួនមិនបានដឹង។
យ៉ាងណាមិញ មុនពេលធ្វើដំណើរមកដល់ «ធេ ស៊ូ យ៉េង» (Thae Su Nyein) ក៏បានបង្ហើបអារម្មណ៍ប្រាប់ទៅកាន់ ប៊ី សុធារី ថា នាងសប្បាយចិត្តដែលបានត្រលប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្តងទៀត ជាពិសេសបានជួបជាមួយអ្នកគាំទ្រនៅកម្ពុជាផ្ទាល់តែម្តង ដែលនេះក៏ជាការរំពឹងទុករបស់អ្នកគាំទ្រដូចគ្នាដែរ ក្នុងគោលបំណងចង់ឱ្យបវរកញ្ញាមីយ៉ាន់ម៉ារូបនេះ មកកាន់ទឹកដីសុវណ្ណភូមិរបស់យើង។
គួររំលឹកដែរថា «ធេ ស៊ូ យ៉េង» (Thae Su Nyein) ធ្លាប់មកប្រទេសកម្ពុជាម្តងរួចមកហើយ នៅអំឡុងខែតុលា ឆ្នាំ ២០២៤ ក្នុងការតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា សម្រាប់ការប្រកួត Miss Grand International ដែលជាការសហម្ចាស់ផ្ទះរវាង កម្ពុជា-ថៃ។ ដោយឡែកសម្រាប់ការវិលមកកម្ពុជានៅឆ្នាំ ២០២៥ នេះ នាង ក៏មានគម្រោងការងារជាច្រើនរួមគ្នាជាមួយ កញ្ញា ប៊ី សុធារី ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាផងដែរ៕
