លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដែលបញ្ចប់ការបិទទ្វាររដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ពោល គឺ 2 ម៉ោងបន្ទាប់ពីសភាតំណាងរាស្ត្រ បានបោះឆ្នោតដើម្បីចាប់ផ្តើមជំនួយស្បៀងអាហារ បើកប្រាក់ខែដល់បុគ្គលិកសហព័ន្ធរាប់រយពាន់នាក់ និងដំណើរការចរាចរណ៍ផ្លូវអាកាសឡើងវិញ។ ការចុះហត្ថលេខារបស់លោកប្រធានាធិបតី ត្រាំ លើច្បាប់ដែលបានអនុម័តដោយព្រឹទ្ធសភាកាលពីដើមសប្តាហ៍នេះ នឹងជំរុញឲ្យបុគ្គលិកសហព័ន្ធដែលគ្មានការងារធ្វើ ដោយសារការបិទទ្វាររដ្ឋាភិបាលអស់រយៈពេល 43 ថ្ងៃនោះ ត្រឡប់មកបំពេញការងាររបស់ពួកគេវិញ ដោយចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី13 ខែវិច្ឆិកា ខណៈដែលការចុះហត្ថលេខានេះទៀតសោត នឹងពង្រីកការផ្តល់មូលនិធិរហូតដល់ថ្ងៃទី 30 ខែមករា ខាងមុខ ដែលនឹងធ្វើឲ្យរដ្ឋាភិបាលសហព័ន្ធ បន្តបន្ថែមថវិការប្រមាណ 1.8 ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ទៅលើបំណុលចំនួន 38 ពាន់ពាន់លានដុល្លាររបស់ខ្លួន។