មិនត្រឹមតែជាតារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ “វ៉ាង អ៊ីប៉” (Wang Yibo) ថែមទាំងជាតារាបង្ហាញម៉ូត និងបានបង្ហាញមុខនៅក្នុងខ្សែភាពយន្តភាគចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ជាច្រើនរាប់មិនអស់ផងដែរ។ យ៉ាងណាមិញ តារាប្រុសខាងលើ បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបង្ហើបឱ្យដឹងថា រូបគេបានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនយក្សមួយដែលមានឈ្មោះថា “អ៊ីហាវ អេនថឹថេនម៉ឹនថ៍” (Yuehua Entertainment) កាលពីពេលកន្លងទៅនេះ។ ក្រោយពេលបញ្ចប់កុងត្រា “វ៉ាង អ៊ីប៉” (Wang Yibo) បានសម្រេចចិត្តធ្វើជាសិល្បករឯករាជ្យ លើសពីនេះលោកក៏បានធ្វើជានាយកប្រតិបត្តិស្ទូឌីយ៉ូថ្មីមួយដែលមានឈ្មោះថា “សាងហៃ អ៊ីប៉ ខាល់ឆឺ វ៉ឺក រូម” (Shanghai Yibo Culture Media Work Room) ថែមទៀតផង។ តាមការចុះផ្សាយបានឱ្យដឹងថា “វ៉ាង អ៊ីប៉” (Wang Yibo) មានសិទ្ធគ្រប់គ្រង និងកាន់កាប់ហ៊ុនរបស់ក្រុមហ៊ុននេះមួយរយភាគរយតែម្តង។
នេះរាប់ទុកថាជាការបោះជំហានថ្មីមួយក្នុងនាមជាម្ចាស់អាជីវកម្ម ហើយក្នុងនោះក៏មានអ្នកគាំទ្រជាច្រើននាំគ្នាសម្តែងក្តីត្រេកអរ និងផ្តល់ជាកម្លាំងចិត្តដល់ “វ៉ាង អ៊ីប៉” (Wang Yibo) ថែមទាំងបានជូនពរឱ្យមុខជំនួញរបស់គេរីកចម្រើនទៅមុខជាលំដាប់ផងដែរ៕
