មិនត្រឹមតែសាងភាពល្បីល្បាញក្នុងវិស័យបវរកញ្ញានៅកម្ពុជាប៉ុណ្ណោះទេ កូនកាត់ខ្មែរ-អាមេរិក កញ្ញា ស៊ីដនី ម៉ារិទ្ធ ចាប់ផ្តើមបោះជំហានចូលវិស័យភាពយន្តខ្មែរយ៉ាងភ្ញាក់ផ្អើល ដោយនាងបានលេចមុខសម្តែងក្នុងខ្សែភាពយន្តខ្នាតធំកម្រិតស្តង់ដាររបស់ផលិតកម្ម Wonder Film Entertainment ចំណងជើង «កំណើតអរូប ២»។ នេះជាលើកដំបូងបង្អស់ដែលបវរកញ្ញាឈាមផ្សំខ្មែរ-អាមេរិក ស៊ីដនី សម្រេចចិត្តចូលរួមសម្តែងក្នុងភាពយន្តខ្មែរ។ វត្តមានរបស់ ស៊ីដនី ក្នុងខ្សែភាពយន្តខ្នាតធំ «កំណើតអរូប ២» នេះ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ស្រឡាំងកាំងពេលឃើញនាងសម្តែងជាតួអង្គដូនជីបែបបច្ចឹមប្រទេស ដែលត្រូវស្លៀកពាក់តុបតែងឈុតសក្បុស មុខស្មើរៗតែបង្កប់រឿងរ៉ាវព្រឺព្រួចជាច្រើននៅពីក្រោយខ្នង។ វាមិនមែនជារឿងចៃដន្យសម្រាប់ ស៊ីដនី ក្នុងការក្តោបតំណែងនេះឡើយ ជាក់ស្តែង ឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ ទាំងសម្ដែងសាកល្បង ទម្រង់តុបតែងមុខឱ្យសមនឹងសាច់រឿង សមត្ថភាព ពូកែចាំអត្ថបទ បង្ហាញពីទេពកោសល្យមិនធម្មតា កូនកាត់ខ្មែរ-អាមេរិក កញ្ញា ស៊ីដនី ម៉ារិទ្ធ ត្រូវបានផលិតកម្ម Wonder Film ជ្រើសរើសជាតួអង្គធំសម្រាប់ខ្សែភាពយន្ត «កំណើតអរូប ២» ដែលជាភាពយន្តខ្មែរមួយទទួលជោគជ័យលើទីផ្សារអន្តរជាតិមិនធម្មតា។ ដ្បិតមិនធ្លាប់សម្តែងរឿងពីមុនមកក៏ពិតមែន តែការសម្តែងរបស់ស្រីស្រស់សោភារូបនេះល្អល្អះមិនចាញ់អ្នកសម្តែងអាជីពប៉ុន្មានឡើយ គួបផ្សំការតម្លើងប្លង់ថត បច្ចេកទេសនៃតុបតែងតួអង្គ និងការប្រើប្រាស់សម្ភារៈថតកម្រិតស្តង់ដារអន្តរជាតិ ឱ្យស៊ីគ្នាទៅនឹងបរិបថនៃសាច់រឿងបែបរន្ធត់ព្រឺព្រួច ជាហេតុធ្វើឱ្យ ស៊ីដនី មើលទៅភាពខុសប្លែកខ្លាំងពីអ្វីដែលនាងធ្លាប់ធ្វើកន្លងមក ពិសេសការតុបតែងទម្រង់ដូនជី តែក្រសែភ្នែកបង្កប់រឿងហេតុអាថ៌កំបាំងជាច្រើនដែលអ្នកមើលនឹកស្មានមិនដល់។
ទស្សនិកជនដែលធ្លាប់បានទស្សនារឿង «កំណើតអរូប» កាលពីវគ្គ១ នឹងភ្ញាក់ផ្អើលនៅពេលរឿង «កំណើតអរូប ២» ចាក់បញ្ចាំង ដោយសារវគ្គថ្មីនេះ ផលិតកម្ម Wonder Film មានភាពច្នៃប្រិតដ្ឋខ្ពស់ចំពោះឆ្អឹងរឿង និងឈុតឆាកពិសេសនៃសាច់រឿងថ្មីនេះ។ សំខាន់ជាងនេះ គឺផលិតកម្មបានយកចិត្តទុកដាក់ និងសម្រិតសម្រាំងយ៉ាងខ្លាំងក្លាលើការតុបតែង ការតម្លើងប្លង់ថត ជាមួយបច្ចេកទេសកាមេរ៉ាស៊េរីទំនើប និងបានត្រៀមបញ្ចូលបច្ចេកទេសកាត់តកម្រិតខ្ពស់ ឱ្យត្រូវតាមតម្រូវការរបស់ប្លង់ថត និងមើលទៅដូចការពិតតែម្តង។ នេះបើតាមការបញ្ជាក់ប្រាប់ពី លោក សែម វិសាល អ្នកនិពន្ធ និងជាអ្នកដឹកនាំ រឿង «កំណើតអរូប» វគ្គ ១ & ២។ ក្រឡេកទៅមើល បវរកញ្ញាកូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ រំភើបហើយគិតថាការថតភាពយន្តជារឿងសប្បាយទទៅវិញ ព្រោះជាពេលវេលាដែលបានជួបតារាសម្តែងខ្មែរ-បរទេសជាច្រើនរូប។ ទោះការថតត្រូវជួបផលលំបាកខ្លះៗ ក៏មិនជាបញ្ហា ដោយសារ ស៊ីដនី ជាមនុស្សម្នាក់ដែលចូលចិត្តសាកល្បងធ្វើរឿងថ្មីៗ ដូច្នេះការថតភាពយន្តជាភាពថ្មីដែលនាងតែងតែចង់សាកល្បង ហើយពេលនេះ Wonder Film ធ្វើឱ្យក្តីស្រមៃនាងក្លាយជាការពិតហើយ។
គួររំឮកដឹងផងដែរថា «កំណើតអរូប ២» ជាស្រឡាយរឿងបន្តពីរឿង «កំណើតអរូប» ជាភាពយន្តខ្មែរដែលផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីកាលពីឆ្នាំមុន និងបាននាំទៅចាក់បញ្ចាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុបប្រមាណជាង ២០ប្រទេសឯណោះ ហើយបច្ចុប្បន្នខ្សែភាពយន្តផលិតឡើងដោយស្នាដៃកូនខ្មែរនេះ ក៏កំពុងមានវត្តមានតាម platform អន្តរជាតិធំៗជាច្រើនផងដែរ។ តាមគម្រោងខ្សែភាពយន្តកម្រិតស្តង់ដារ «កំណើតអរូប ២» នឹងបង្ហាញវត្តមានលើទីផ្សារកម្ពុជានៅអំឡុងឆ្នាំ២០២៦ ខាងមុខនេះ ហើយផលិតកម្មក៏គ្រោងនាំយករឿងនេះទៅចាក់បញ្ចាំងនៅថ្នាក់តំបន់អាស៊ី-អឺរ៉ុប និងតាម platform អន្តរជាតិធំៗជាច្រើនទៀតផងដែរ ដើម្បីឱ្យភាពយន្តខ្មែរអាចសាយភាយទៅកាន់ទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័ស ៕
