គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ចប់កិច្ចពិភាក្សារយៈពេលបីថ្ងៃនៅក្នុងទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា ជាកន្លែងដែលភាគីទាំងពីរផ្តោតការពិភាក្សាលើបញ្ហាទឹកដី និងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន។ លទ្ធផលបន្ទាប់ពីកិច្ចពិភាក្សា គឺស្ថិតក្នុងភាពលំបាកខ្លាំងត្រង់ចំណុច ទឹកដី ខណៈដែលភាគីរុស្ស៊ី បន្តទាមទារឲ្យអ៊ុយក្រែនដកខ្លួនចេញពីទឹកដីមួយចំនួនក្នុងតំបន់ ដុនបាស ដែលខ្លួនគ្រប់គ្រងបច្ចុប្បន្ន ហើយសហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីបំពេញចន្លោះប្រហោងទាំងនេះ។ ចំណុចសំខាន់មួយទៀត គឺការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ ដែលភាគីទាំងពីរបានលើកឡើងពី ការ "រីកចម្រើនគួរឲ្យកត់សម្គាល់" និងខិតជិតដល់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏បានបញ្ជាក់ថា កិច្ចពិភាក្សានេះ មានរយៈពេលយូរ និងប្រកបដោយខ្លឹមសារ ខណៈដែលលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននៅតែប្តេជ្ញាធ្វើការជាមួយសហរដ្ឋអាមេរិក "ដោយស្មោះត្រង់" ដើម្បី "សម្រេចបានសន្តិភាពយ៉ាងពិតប្រាកដ"។