រដ្ឋមន្ត្រីការបរទេសប្រទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា បានប្រកាសថា ប្រទេសឥណ្ឌា នឹងផ្តល់កញ្ចប់ជំនួយដែលមានតម្លៃ 450 លានដុល្លារដល់ប្រទេសស្រីលង្កា សម្រាប់ការសង្គ្រោះ និងស្តារឡើងវិញ បន្ទាប់ពីការវាយប្រហារដោយព្យុះស៊ីក្លូន ឌីតវ៉ា កាលពីខែវិច្ឆិកាកន្លងទៅ ដែលបានសម្លាប់មនុស្សចំនួន 643 នាក់ និងផ្តល់ផលប៉ះពាល់ដល់ប្រជាជនប្រមាណ 10% ក្នុងចំណោមប្រជាជនសរុប 22 លាននាក់របស់ប្រទេសនេះ។ ជំនួយនេះ នឹងគ្របដណ្តប់លើការស្តារឡើងវិញនូវការតភ្ជាប់ផ្លូវដែក ផ្លូវថ្នល់ និងស្ពាន ក៏ដូចជាការកសាងឡើងវិញនូវផ្ទះសម្បែង ដែលត្រូវបានបំផ្លាញ ខណៈដែលកញ្ចប់ជំនួយនេះ នឹងរួមបញ្ចូល "ឥណទានសម្បទាន" ចំនួន 350 លានដុល្លារ និងជំនួយឥតសំណងចំនួន 100 លានដុល្លារ។ គួរបញ្ជាក់ផងដែរថា យោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក ទំហំនៃការខូចខាតដែលបង្កឡើងដោយព្យុះស៊ីក្លូន ឌីតវ៉ា នៅក្នុងប្រទេសស្រីលង្កា មានចំនួនដល់ទៅ 4.1 ពាន់លានដុល្លារអាមេរិក។