ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ីរយៈពេល 6 ខែទៀត ដោយពង្រីកវិធានការរឹតត្បិតរបស់ប្លុកនេះ រហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2026 ខាងមុខ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា ទណ្ឌកម្មទាំងនេះ រួមមានការរឹតបន្តឹងយ៉ាងខ្លាំងលើពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល បច្ចេកវិទ្យា ទំនិញប្រើប្រាស់ ឧស្សាហកម្ម និងការដឹកជញ្ជូន។ ទណ្ឌកម្មទាំងនោះ ក៏រួមបញ្ចូលទាំងការហាមឃាត់ការនាំចូល ឬការផ្ទេរប្រេងឆៅតាមសមុទ្រ និងផលិតផលប្រេងឥន្ធនៈមួយចំនួន ពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធសមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារទូទាំងពិភពលោក ហៅកាត់ថា ស្វីហ្វ (SWIFT) និងការផ្អាកសកម្មភាពផ្សព្វផ្សាយ និងអាជ្ញាប័ណ្ណនៅក្នុងប្លុកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយដែលគាំទ្រដោយរុស្ស៊ី ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតនោះ។ គួរបញ្ជាក់ផងដែរថា បន្ថែមពីលើការដាក់ទណ្ឌកម្មនេះ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាអឺរ៉ុប ក៏បានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន 90 ពាន់លានអឺរ៉ូ ដែលស្មើនឹងប្រមាណ 105.4 ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់តម្រូវការយោធា និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន សម្រាប់រយៈពេល 2 ឆ្នាំខាងមុខ។
