ចំនួនអ្នកស្លាប់ និងរងរបួសសរុបនៅក្នុងតំបន់ហ្គាហ្សា បានកើនលើសពី 24 ម៉ឺននាក់ហើយ ចាប់តាំងពីសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។ ក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះ សាកសពមនុស្សចំនួន 13 នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដែលជំរុញឲ្យអ្នកស្លាប់សរុបក្នុងតំបន់នេះ កើនឡើងដល់ប្រមាណ 70.100 នាក់ និង 171.200 នាក់ទៀតរងរបួស។ យោងតាមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអីស្រាអែល និងក្រុមហាម៉ាសចូលជាធរមានកាលពីថ្ងៃទី10 ខែតុលាមក មានជនជាតិប៉ាឡេស្ទីនចំនួន 401 នាក់ត្រូវបានសម្លាប់ និង 1108 នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះ ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ ក៏កំពុងស្ថិតក្នុងភាពតានតឹង ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អ៊ែនតូនីញ៉ូ ហ្គុដតារែស បានព្រមានថា មនុស្សប្រមាណ 1.6 លាននាក់ក្នុងតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងខ្ពស់ និងហានិភ័យធ្ងន់ធ្ងរនៃកង្វះអាហារូបត្ថម្ភ។