តារាសម្ដែងហូលីវូដឈ្នះពានរង្វាន់អូស្ការ អែនជេលីណា ចូលី (Angelina Jolie) បានបង្កឱ្យមានការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត ខណៈពេលបង្ហាញស្លាកស្នាមពីការវះកាត់សុដន់ទាំងសងខាងរបស់នាងជាលើកដំបូង នៅក្នុងការថតម៉ូតសម្រាប់ទស្សនាវដ្តី Time France បានក្លាយជាប្រធានបទមានការជជែកវែកញែកយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ តារាស្រីរូបនេះបានប្រាប់ទៅកាន់ទស្សនាវដ្ដី Time France ថា ការចែករំលែកស្លាកស្នាមទាំងនេះ ក៏ព្រោះតែនាងចង់ឱ្យមនុស្សស្រីមានភាពក្លាហានក្នុងការបង្ហាញស្លាកស្នាមរបស់ពួកគេដោយគ្មានការខ្មាស់អៀន។ នាងក៏បានលើកទឹកចិត្ត ឱ្យស្ត្រីទាំងនោះហ៊ានធ្វើការពនិត្យរកជំងឺមហារីកសុដន់ ដោយគិតពីសុខភាពមុនស្ថានភាពហិរញ្ញវត្ថុផងដែរ។

យ៉ាងណាមិញ កាលពីឆ្នាំ ២០១៣ អែនជេលីណា ចូលី (Angelina Jolie) ធា្លប់បានប្រកាសជាសាធារណៈម្តងរួចមកហើយថា នាងបានវះកាត់សុដន់ទាំងសងខាង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោយសារតែកត្តាហ្សែន។ ក្រោយមក នៅឆ្នាំ២០១៥ នាងបានសម្រេចចិត្តវះកាត់យកអូវែចេញទាំងពីរតែម្តង ខណៈពេលដែលការលាតត្រដាងរឿងរ៉ាវរបស់នាងនៅពេលថ្មីៗនេះ បាននិងកំពុងជម្រុញឱ្យស្ត្រីជាច្រើន មានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការពិនិត្យរកជំងឺមហារីក។

ក្រឡេកមកចាប់អារម្មណ៍ម៉ូតសម្លៀកបំពាក់ដែល អែនជេលីណា ចូលី (Angelina Jolie) បានថតផ្សព្វផ្សាយនៅក្នុងលេខនេះវិញ គេសង្កេតឃើញថា មានការរួមបញ្ចូលគ្នាទាំងរូបភាពស-ខ្មៅនៅក្នុងវ័យ ៥០ ឆ្នាំរបស់នាង ក៏ដូចជារូបថតនៅក្នុងមុំទូលាយ ការអង្គុយយ៉ាងស្ងប់ស្ងាត់កណ្តាលបន្ទប់ ដែលមានពន្លឺស្រអាប់ ហាក់ចង់ឆ្លុះបញ្ចាំងពីភាពនៃការងាយរងគ្រោះ គួបរួមផ្សំនឹងភាពរឹងមាំ ដែលជាប្រធានបទចម្បងនៃទស្សនាវដ្ដីមួយនេះ។

គួរឱ្យដឹងបន្ថែមថា អែនជេលីណា ចូលី (Angelina Jolie) កំពុងត្រៀមខ្លួនសម្តែងក្នុងខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា ខូថួរ៍ (Couture) ដែលមានការដឹកនាំរឿងដោយជនជាតិបារាំង លោកស្រី អាលីស វីណូខួរ (Alice Winocour) ជាភាពយន្តដែលនឹងឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងជុំវិញជំងឺមហារីក និងការព្យាបាលបេះដូង ខណៈពេលដែលការចាក់បញ្ចាំងនឹងធ្វើឡើងនៅប្រទេសបារាំង ក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦៕