ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងនាំគ្នាចែករំលែកពេញបណ្តាញសង្គម ក្រោយពេលបានឃើញវត្តមានរបស់បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ «Miss Global 2017» នាង បាបារ៉ា វីតូរ៉េលី «Barbara Vitorelli» ជនជាតិប្រេស៊ីល ក្នុងសកម្មភាពសប្បុរសធម៌ ក្រោមមូលនិធិដុកទ័រតុង។ មែនទែនទៅ បាបារ៉ា វីតូរ៉េលី «Barbara Vitorelli» បានមកទស្សនកិច្ចនៅកម្ពុជា អំឡុងពេលដែលប្រទេសថៃឈ្លានពានមកលើកម្ពុជាកាលពីដើមខែធ្នូកន្លងទៅ។ ស្របពេលជាមួយគ្នានេះ នាងក៏បានចូលរួមក្នុងកិច្ចការងារសង្គម ដូចជា ជួយរៀបចំស្បៀងអាហារ ផ្តល់ជូនទៅកាន់វីរកងទ័ពជួរមុខ និងបងប្អូនដែលកំពុងភៀសសឹក តាមរយៈមូលនិធិខាងលើ។ ទង្វើសប្បុរសធម៌នេះ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាជនខ្មែរនៅទូទាំងប្រទេស ដ្បិតថានាងជាជាតិសាសន៍ដទៃក៏ដោយ។ 

យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងនោះទេ ក្នុងការមកប្រទេសកម្ពុជារបស់បវរកញ្ញាខាងលើពោលគឺជាញឹកញាប់ គេតែងតែឃើញនាងមកប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីនានា និងកម្មវិធីសប្បុរធម៌ជាដើម។

សូមបញ្ជាក់ថា បាបារ៉ា វីតូរ៉េលី «Barbara Vitorelli» បវរកញ្ញាសញ្ជាតិប្រេស៊ីលរូបនេះ ធ្លាប់ឈ្នះមកុដរាជនីកំពូលសម្រស់ បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ «Miss Global 2017» ដែលខណៈពេលនោះកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំការប្រកួតសម្រស់អន្តរជាតិមួយនេះ៕