កំពង់ស្ពឺ៖
ព្រោះតែរឿងប្រពន្ធឈ្លោះគ្នាកន្លែងធ្វើការងារបន្តិចបន្តួចសោះ ធ្វើឱ្យបុរសម្នាក់ត្រូវបាននគរបាលស្រាវជ្រាវ ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្ត ដោយសារតែខឹងពេក បានកាន់ដាវ និងបង្ហោះម៉ូតូតាមបណ្តាញសង្គមហ្វេកប៊ុក ដើម្បីគំរាមភាគីដែលទំនាស់ជាមួយប្រពន្ធរបស់ខ្លួននៅកន្លែងធ្វើការងារក្នុងរោងចក្រមួយកន្លែង។
ការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់កាន់ដាវ និងបង្ហោះម៉ូតូ គំរាមគូរទំនាស់របស់ប្រពន្ធនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យ បាននិយាយឱ្យដឹងថាបុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សុផល វាសនា អាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យ បានបន្តឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងបានធ្វើការស្រាវជ្រាវរកឃើញក្មេងទំនើងម្នាក់មានឈ្មោះ សុផល វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះ Djz Fong បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនជ័យ និងជាអ្នកផុសបង្ហោះ story ដោយកាន់ដាវមួយដើមផងដែរ ។
ក្រោយឃាត់ខ្លួន បុរសខាងលើ បានសារភាពថាមូលហេតុដែលរូបគេថតកាន់ដាវ រួចបង្ហោះម៉ូតូនោះ គឺដើម្បីធ្វើការគំរាមទៅអ្នកដែលធ្វើការនៅក្នុងរោងចក្រជាមួយគ្នា ឱ្យប្រយ័ត្នខ្លួន ក្រោយពីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួនកន្លងទៅ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃាត់ខ្លួន និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕
