លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា លោកនឹងជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាថ្មី នៅក្នុងខែនេះ ខណៈដែលដំណាក់កាលទីពីរនៃផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សារបស់លោកប្រធានាធិបតី ត្រាំ ជិតឈានដល់។ ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីប្រទេសអាល្លឺម៉ង់ លោក ហ្រ្វីឌ្រីក មឺស នៅក្នុងទីក្រុងយេរូសាឡឹម លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា កិច្ចប្រជុំរវាងលោក និងលោកប្រធានាធិបតី ត្រាំ នឹងពិភាក្សាអំពីឱកាសដែលអាចធ្វើទៅបានសម្រាប់សន្តិភាព និងការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីននៅក្នុងតំបន់ ខណៈទាំងរូបលោក និងលោក មឺស បានយល់ស្របថា ក្រុមហាម៉ាស មិនអាចជាអ្នកដែលគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ។ គួរបញ្ជាក់ផងដែរថា ការចរចាលើដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សារបស់លោកប្រធានាធិបតី ត្រាំ ដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំមួយនេះ កំពុងបន្តធ្វើឡើង ខណៈដែលផែនការនេះ ក៏នឹងរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីន បណ្តោះអាសន្ននៅក្នុងតំបន់ហ្គាហ្សា ដែលត្រួតពិនិត្យដោយ "ក្រុមប្រឹក្សាសន្តិភាព" អន្តរជាតិ និងគាំទ្រដោយកម្លាំងសន្តិសុខអន្តរជាតិ។
