កំពង់ស្ពឺ៖
ជនសង្ស័យដៃដល់ចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់យុវជនរងគ្រោះ ខណៈដែលក្រុមបក្ខពួកជនសង្ស័យ ធ្វើសកម្មភាពយកដាវនិងកាំបិតផ្គាក់កាប់ទៅលើយុវជនរងគ្រោះ បណ្តាលឱ្យរបួសដៃឆ្វេងដេរជាច្រើនឆ្នេរ មិនដឹងមូលហេតុ។
នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថាកាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មានឈ្មោះ ឌឹម តក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងលើជនមិនស្គាល់អត្តសញ្ញាណ ដែលបង្កហិង្សាលើខ្លួន ដោយកាលពីវេលាម៉ោង១១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខ្លួន បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q-2231 ឌុបឈ្មោះ អ៉ិន សុផាក ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា និងបក្ខពួក០៣នាក់ទៀត ជិះម៉ូតូចំនួន០២គ្រឿង នាំគ្នាចេញពីផឹកស៊ីនៅក្នុងភូមិរំលេច ជិះតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច។
លុះពេលធ្វើដំណើរមកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩ទៅលេខ៤០ ស្ថិតនៅក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌លឿងលាយស តាមមកពីក្រោយ ដោយដៃមានកាន់កាំបិតផ្គាក់កាប់មកលើខ្លួន(ឈ្មោះ ឌឹម តក់) បណ្ដាលឱ្យរងរបួសដៃឆ្វេង និងខ្នង ។ ក្រោយពេលកើតហេតុរួច ក្រុមជនសង្ស័យខាងលើបានជិះម៉ូតូរត់គេចខ្លួនទៅទិសកើតបាត់ទៅ។
ក្រោយពីពេលទទួលបានព័ត៌មានកម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង និង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ស្ពឺ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ៤១ លុះដល់ចំណុចភូមិឧកញ្ញាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃើញជនសង្ស័យឈ្មោះ លី ហាវម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមន្នីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងជិះម៉ូតូជាមួយបក្ខពួក ដោយដៃមានកាន់កាំបិត និងដាវ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយថាបក្ខពួកខ្លួនមិនស្គាល់ឈ្មោះ រស់នៅក្នុងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកកាប់ទៅលើជនរងគ្រោះខាងលើនៅវេលាម៉ោង០៣រសៀល។ ក្រោយឃាត់ជនសង្ស័យខាងលើ នគរបាលបានបន្តឃាត់ឈ្មោះ សាន វីរ: ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅក្នុវភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបឃាត់ជនសង្ស័យចំនួន០២នាក់ និង ដកហូតវត្ថុតាង ម៉ូតូចំនួន០២គ្រឿង ដាវ០១ កាំបិតផ្គាក់០១ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យដៃដល់ខាងលើជំនាញកំពុងសាកសួរ និង បន្តស្រាវជ្រាវស្វែងរកបក្ខពួកក្រុមជនសង្ស័យដៃដល់ ដើម្បីយកមកផ្តន្ទាទោស និងចាត់ការបន្តតាមផ្លូវច្បាប់៕
