កណ្តាល៖
ដោយអស់ការស៊ូទ្រាំ នូវសកម្មភាពជាច្រើនលើកច្រើនសារ របស់ជនសង្ស័យជាប្តី ប្រើអំពើហិង្សាដោយចេតនា វាយដំច្រំធាក់និងគម្រាមថានឹងសម្លាប់ ទើបស្ត្រីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៥ នៅចំណុចភូមិ កណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ស៊្រឹម ស្រីលីន អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអនឡាញ (ជាប្រពន្ធ) ចំនែកជនសង្ស័យមានឈ្មោះ ខា បញ្ញា អាយុ១៩ឆ្នាំ(ជាប្តី)គ្មានមុខរបរពឹតប្រាកដ និងមានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ ។
សមត្ថកិច្ចបន្តទៀតថាមុនកើតហេតុ ស្ត្រីឈ្មោះ ខា កណ្និថា អាយុ ៣១ ឆ្នាំ (ជាបងស្រីបង្កើតរបស់ជនសង្ស័យ) បានមកដាក់ពាក្យបណ្តឹង ម្តងរួចមកហើយ ដោយប្តឹងឈ្មោះ ខា បញ្ញា(ជាប្អូនប្រុស) ករណីគំរាមកំហែងនិងប្រើហិង្សាទៅលើប្រពន្ធ ដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់បាននាំខ្លួនឈ្មោះ ខា បញ្ញា យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរហើយបងស្រី ក៏បានសំណូមពរអោយសមត្ថកិច្ច ធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចក៏បានសុំយកប្អូនប្រុស(ជនសង្ស័យ )ត្រឡប់ទៅផ្ទះវិញ។
លុះដល់វេលាកើតហេតុ ជនសង្ស័យជាប្អូនប្រុស បានទាក់ពាក្យសម្តី និងឈ្លោះប្រកែកគ្នាជាមួយស្ត្រីរងគ្រោះជាប្រពន្ធ រហូត ប្រើអំពើហិង្សា វាយមួយដៃត្រូវចំភ្នែកខាងឆ្វេងបណ្តាលអោយរងរបួសហើមជាំភ្នែក ហើយ ជនសង្ស័យជាប្តី ក៏បានគំរាមកំហែង ស្ត្រីរងគ្រោះជាប្រពន្ធថាបើហ៊ានប្តឹងប៉ូលីស ខ្លួននិងសម្លាប់ចោលភ្លាម !!។
ដោយអស់ការស៊ូទ្រាំ ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់អោយជួយអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យប្តី យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
