បន្ទាយមានជ័យ៖
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បន្តសម្រុកចេញយ៉ាងកំហុករាប់ម៉ឺននាក់ ទៅរកទីកន្លែងមានសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរក្រុង បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈម ជម្លៀសចេញពីលំនៅឋាន នៅថ្ងៃទី09 ខែធ្នូ ឆ្នាំ២០២៥។
នៅពេលដែលមានឮសម្លេងគ្រាប់ផ្លោងនៅភូមិជោគជ័យ និងព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំទល់និងក្រុងប៉ោយប៉ែត យោធាថៃ បានបើកការបាញ់ប្រហារមកលើកម្ពុជា ស្របពេលដែរអាជ្ញាធរក្រុងប៉ោយប៉ែត បានប្រកាសឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋានតាមតំបន់ប្រឈមមួយចំនួន ឃើញថា ប្រជាពលរដ្ឋបន្តសម្រុកចាកចេញយ៉ាងកំហុកតែម្តង រាប់ម៉ឺននាក់។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ប្រជាពលរដ្ឋបានសម្រុកធ្វើដំណើរ ហើយ អាជ្ញាធរសមត្ថកិច្ចជំនាញចរាចរណ៍ បានជួយសម្រួលចរាចរណ៍ ដោយខ្លះធ្វើដំណើរតាមម៉ូតូ កង់បី ផាសអាប់ រថយន្ត រ៉ឺម៉ក តាក់ស៊ី រថយន្តក្រុង ឆ្ពោះទៅកាន់ស្រុកកំណើតផង និងខ្លះទៀត សម្រុកទៅកាន់ទីកន្លែងសុវត្ថិភាពដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទុកឲ្យស្នាក់នៅ ក្នុងផ្សារចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីរក្សាសុវត្ថិភាពជូនពួកគាត់។
គួរបញ្ជាក់ថា៖នៅក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា.ថៃ គិតត្រឹមម៉ោង៨យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ មិនទាន់មានការផ្ទុះអាវុធនៅឡើយទេ ប៉ុន្តែអាជ្ញាធរក្រុងបានប្រកាសឲ្យប្រជាពលរដ្ឋនៅតាមបណ្តាភូមិមួយចំនួន នៅតាមតំបន់ប្រឈមជម្លៀសចេញពីលំនៅឋាន ទៅកាន់ទីកន្លែងដែលសុវត្ថិភាព៕
