ជាការពិតណាស់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ យោធាថៃបានធ្វើការវាយប្រហារមកលើកម្ពុជា ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់ និងរងរបួសអស់ជាច្រើននាក់ផងដែរ។ 

យ៉ាងណាមិញ ប្រជាជនខ្មែរដែលជាកម្លាំងជួរក្រោយ ក៏បានរួបរួមកម្លាំងគ្នា ដើម្បីស្រែកទាមទាររកសន្តិភាព និងយុត្តិធម៌ជូនប្រទេសកម្ពុជា ប្រឆាំងពីការឈ្លានពានយ៉ាងសហាវឃោរឃៅរបស់ថៃ ហើយក៏បានស្នើសុំឱ្យអន្តរជាតិថ្កោលទោសថៃយ៉ាងដាច់អហង្ការថែមទៀតផង។ 

មិនខុសពីបងប្អូនខ្មែរនៅក្នុងស្រុកប៉ុន្មានទេ បើក្រឡេកទៅមើលតារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី និងបងប្អូនខ្មែរជាច្រើននាក់ទៀត ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ក៏បានជួបជុំគ្នាយ៉ាងច្រើនកុះករ ដោយពួកគេឈរកាន់បដាស្រែកទាមទាររកយុត្តិធម៌ និងសន្តិភាពជូនប្រទេសកម្ពុជា។

ក្នុងនោះ តារាសម្តែងជើងចាស់រូបនេះ បានឱ្យដឹងដែរថា ការប្រមូលផ្តុំគ្នានេះ ក៏ដោយសារតែចង់បង្ហាញពីភាពឈឺចាប់ក្នុងនាមជាប្រជាជនខ្មែរមួយរូប ដែលរងនូវការឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា។ ក្រៅពីនេះអ្នកនាងក៏បានបង្ហាញពីការដឹងគុណផងដែរ ចំពោះកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់វីរកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដីក្នុងស្ថានភាពដ៏តានតឹងមួយនេះ៕