បន្ទាប់ពីជំនួបអស់រយៈពេលជាច្រើនម៉ោង រវាងបេសកជនសហរដ្ឋអាមេរិក គឺលោក ស្ទីវ វិដអូហ្វ និងលោក ចារេដ ឃុសណឺ កូនប្រសាររបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃអាទិត្យ ទី14 ខែធ្នូ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានប្រកាសថា ប្រទេសអ៊ុយក្រែន សម្រេចបោះបង់ចោលការចូលជាសមាជិករបស់អង្គការណាតូ ជាថ្នូរនឹងការធានាសន្តិសុខរបស់ប្រទេសលោកខាងលិច ដើម្បីបញ្ចប់សង្គ្រាមជាមួយប្រទេសរុស្ស៊ី។ ជំហាននេះ បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងមួយរបស់ប្រទេសអ៊ុយក្រែន ដែលកន្លងមក បានព្យាយាមតស៊ូដើម្បីចូលរួមក្នុងសម្ព័ន្ធភាពយោធារបស់អង្គការណាតូនេះ ក្នុងគោលបំណងដើម្បីទទួលបានការការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី នាពេលខាងមុខ ខណៈដែលការលះបង់នេះ ក៏បំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀតរបស់រុស្ស៊ីផងដែរ បើទោះបីជាទីក្រុងគៀវ នៅតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការប្រគល់ទឹកដីទៅឲ្យទីក្រុងមូស្គូក៏ដោយ។
